នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ប្រកបដោយតម្លាភាព

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨–នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី បានផ្ញើសារលិខិតអបអរសាទរចុងក្រោយ ចំពោះ ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ថ្មីៗមកនេះ។

នៅក្នុងសារលិខិតអបអរសាទររបស់នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ឯកឧត្តម លី សានឡុង ដែលបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះថា គឺជាការបោះឆ្នោតមួយធានាបាននូវតម្លាភាព និងវឌ្ឍនភាពសម្រាប់ប្រជាជនកម្ពុជា។

សារលិខិតបានបញ្ជាក់បន្ថែមថា សិង្ហបុរី និងកម្ពុជាមានចំណងមិត្តភាពយ៉ាងរឹងមាំ ហើយសង្ឃឹមថានឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកកម្ពស់នូវភាពច្នៃប្រឌិត និងភាពរីកចម្រើនក្នុងអាស៊ាន។ សារលិខិតសូមស្វាគមន៍នៅ ក្នុងកិច្ចប្រជុំអាស៊ានលើកទី៣៣ នាខែវិច្ឆិកាខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀប ចំកិច្ចប្រជុំនេះ និងសូមជូនពរឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទទួលបានជោគជ័យនៅក្នុងកិច្ចការដឹកនាំប្រទេសក្នុងអាណត្តិថ្មីនេះថែមទៀត៕

ដោយ ប៉ាល់ សុង