អង់គ្លេសបន្ដជំនួយដល់វិស័យដោះមីននៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ អាត ចន្ធូ៖

ប្រទេសអង់គ្លេស នៅតែបន្ដជំហរផ្ដល់ជំនួយដល់វិស័យដោះមីននៅកម្ពុជា ដើម្បីលុបបំបាត់ អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលគ្របដណ្ដប់នៅលើផ្ទៃដីកម្ពុជា ពិសេសតំបន់ភាគពាយ័ព្យប្រទេស ក៏ដូចពង្រីកវិសាលភាពផ្ទៃដីសំរាប់កសិកម្ម និងលំនៅដ្ឋានប្រជាពលរដ្ឋ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Tina Susan Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅកម្ពុជានៅទីស្តីការក្រសួងការបរទេសកាលពីព្រឹកថ្ងៃទី១៦ ខែសីហានេះ ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ឲ្យដឹងថា លោកជំទាវ Tina Susan Redshaw បានបញ្ជាក់ថា រាជរដ្ឋាភិបាលអង់គ្លេសនៅតែបន្ដ ផ្តល់ជំនួយគាំទ្រដល់សកម្មភាពបោសសម្អាតមីន នៅកម្ពុជា តាមរយៈអង្គការ Halo Trust ដែលមានស្នាក់ការ នៅខេត្តសៀមរាប ដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ នឹងទទួលបានជោជ័យទៅតាមការគ្រោងទុក។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលអង់គ្លេស ដែលតែងតែមានចំណងមិត្តភាពជាមួយកម្ពុជា យ៉ាងស្អិតរមួតលើគ្រប់វិស័យ ជាពិសេសការផ្ដល់ជំនួយលើវិស័យដោះមីននៅកម្ពុជា។

លោកលោកជំទាវ ឯកអគ្គរដ្ឋទូតអង់គ្លេស បានឲ្យដឹងថានាពេលឆាប់ៗខាងមុននេះ នឹងមានសេចក្ដីប្រកាស អំពីជំនួយរបស់ប្រទេសអង់គ្លេស សំរាប់រយះពេល ៣ឆ្នាំបន្ដទៅមុខទៀតនៅក្នុងវិស័យដោះមីននៅកម្ពុជា ដើម្បីជំរុញការងារនេះ ឲ្យបានឆាប់រហ័ស ដោយបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលអង់គ្លេសមានការផ្ដាច់ជ្ញាចិត្តខ្ពស់ នៅក្នុងវិស័យដោះមីននៅកម្ពុជា។