គណបក្សដឹកនាំរាជរដ្ឋាភិបាល ថា អាសនៈរដ្ឋសភាមិនអាចចែកឱ្យបក្សដទៃឡើយ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណបក្សដឹកនាំរាជរដ្ឋាភិបាល អះអាងថា អាសនៈរដ្ឋសភាមិនអាចបែងចែក ទៅឱ្យគណបក្ស បក្សដទៃ ផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតជាង៧៧ភាគរយ ដែលបានផ្តល់ការជឿជាក់ឱ្យបន្តដឹកនាំប្រទេសនោះឡើយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋផ្តល់ទំនុកចិត្តឱ្យបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ ដូច្នេះ គ្មានការបែងចែកអំណាចណា ដែលក្បត់ពីឆន្ទៈរបស់ប្រជាពលរដ្ឋនោះឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីបានទទួលជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលថ្មី ដែលធ្វើឡើងនៅសណ្ឋាគារភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហានេះ បានបញ្ជាក់ថា មាគ៌ារបស់គណបក្សប្រជាជនកម្ពុជា គឺតែងតែគោរពតាមសុឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

លទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដែលផ្សាយជាសាធារណៈកាលពីយប់ថ្ងៃទី១៥ ខែសីហា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតគាំទ្ររហូតដល់ជាង៤លាន៨៨ម៉ឺនសំឡេង ក្នុងចំណោមគណបក្សចំនួន២០ ចូលរួមប្រកួតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា។

ចំនួនសំឡេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទទួលបាននេះ គឺគ្រប់គ្រងអាសនៈរដ្ឋសភាចំនួន១២៥ទាំងស្រុង សម្រាប់នីតិកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

យោងតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តនីតិកាលទី៦នេះ បានបញ្ជាក់ថា ការបើកសម័យប្រជុំនីតិកាលលើកដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបង្កើតនៅថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ៕