ប្រធានរដ្ឋសភាវៀតណាមទទួលស្វាគមន៍អ្នកតំណាង មកពីអង្គការ UNDP និង UNICEF

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី១៥ ខែសីហា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលបដិសណ្ឋារកិច្ចនៅទីក្រុងហាណូយ សម្រាប់លោក Kamal Malhotra អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងជាអ្នកតំណាងរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ព្រមទាំងលោក Youssouf Adbel-Jelil អ្នកតំណាងអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅប្រទេសវៀតណាម។
សមាជិកសភាជាន់ខ្ពស់រូបនេះ បានសាទរចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិ និងអង្គការ UNDD សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅវៀតណាម ក៏ដូចជាការរួមចំណែករបស់អង្គការ UNICEFដើម្បីកំណើនប្រកបដោយចីរភាព និងការការពារសិទ្ធិកុមារនៅក្នុងប្រទេសនេះ។

លោក Kamal Malhotra បានអបអរសាទរដល់ប្រទេសវៀតណាមថា ជាប្រទេសដំបូងគេនៅអាស៊ី និងជាប្រទេសទីពីរក្នុងពិភពលោក ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (ឆ្នាំ ១៩៩០)។ ចាប់តាំងពីពេលនោះមក រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម បានខិតខំប្រឹងប្រែងជាច្រើនដើម្បីការពារ និងថែរក្សាកុមារ។

លោកបានសម្តែងនូវក្តីសង្ឃឹមថា វៀតណាមនឹងបន្តធ្វើការឆ្ពោះទៅរកការផ្លាស់ប្តូរនិយមន័យនៃអាយុរបស់កុមាររហូតដល់អាយុ ១៨ឆ្នាំ ដូចមានចែងនៅក្នុងអនុសញ្ញា។

លោក Adbel-Jelil ក៏បាននិយាយផងដែរ អំពីការទទួលស្គាល់គោលនយោបាយពិសេសរបស់ វៀតណាមក្នុងការការពារប្រជាពលរដ្ឋដែលមានអាយុចន្លោះពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ ក៏ដូចជាអបអរសាទរដល់តួនាទីរបស់រដ្ឋសភាក្នុងការការពារ និងថែរក្សាកុមារ។

លោកបានកត់សម្គាល់ថា រដ្ឋាភិបាលវៀតណាមបានបង្ហាញនូវការប្តេជ្ញាចិត្តដ៏រឹងមាំនៅក្នុងការងារ ដែលបានបង្ហាញតាមរយៈសន្និសីទតាមអ៊ិនធ័រណែតថ្នាក់ជាតិកាលពីថ្ងៃទី ៦ ខែសីហា ស្តីពីការការពារកុមារប្រឆាំងនឹងអំពើហិង្សា ការរំលោភបំពាន និងហានិភ័យចំពោះជីវិត និងសុខភាពរបស់ពួកគេ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)