ចិននិងរុស្ស៊ី ប្តេជ្ញាការពារបទបញ្ជាអន្តរជាតិឱ្យត្រឹមត្រូវនឹងមានសមធម៌

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ — ពួកមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិននិងរុស្ស៊ីកាលពីថ្ងៃពុធ បានប្តេជ្ញាការពាររួមគ្នាបទបញ្ជាអន្តរជាតិ ដោយយុត្តិធម៌ និងមានសមធម៌​ ព្រមទាំងជំរុញសន្តិភាព និងស្ថិរភាពជាសកល និងថ្នាក់តំបន់ ។
លោក យ៉ាង ជេស៊ី ( Yang Jiechi ) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន ( CPC ) និងរដ្ឋលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក នីកូឡៃ ប៉ាទ្រូសេវ ( Nikolai Patrushev ) បានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើជាសហប្រធានការពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រចិន- រុស្ស៊ីលើកទី ១៤ នៅទីក្រុងមូស្គូ ។

លោក យ៉ាង ដែលក៏ជានាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃ​គណៈកម្មាធិការ កណ្តាល CPC ផងដែរនោះបាននិយាយថា ប្រទេសទាំងពីរគួរតែគាំទ្រគ្នាទៅវិញទៅមកឱ្យបានរឹងមាំ ស្តីពីបញ្ហា ដែលមានជាប់ទាក់ទងគ្នាសំខាន់ៗ, បង្កើនការសម្របសម្រួលគ្នានៅក្នុងរង្វង់ក្របខ័ណ្ឌពហុភាគី និងជំរុញរួមគ្នាសម្រាប់ដំណោះស្រាយនៃបញ្ហាចំណុចក្តៅអន្តរជាតិ ។

លោកបាននិយាយថា ទំនាក់ទំនងចិន- រុស្ស៊ីកំពុងអភិវឌ្ឍន៍ក្នុងកម្រិតដ៏ខ្ពស់មួយ នឹងបានចូលដល់ រយៈពេលដែលល្អបំផុតក្នុងប្រវត្តិសាស្ត្រ នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) ។
លោក យ៉ាង បាននិយាយថា លោក ស៊ី និងលោក ពូទីន បានជួបគ្នា២ ដងរួចមកហើយនៅឆ្នាំនេះ ព្រមទាំងសម្រេចបានការមូលមតិគ្នាយ៉ាងសំខាន់ ។

លោក យ៉ាង បាននិយាយថា ចិន និងរុស្ស៊ី គួរតែធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការក្នុងវិស័យ ផ្សេងៗ ដើម្បីវាអាចមានផលប្រយោជន៍កាន់តែល្អឡើងដល់ប្រជាជន​ទាំងពីរ ។

លោក ប៉ាទ្រូសេវ បាននិយាយថា ចំណងទាក់ទងរុស្ស៊ី – ចិនកំពុងអភិវឌ្ឍន៍នៅក្នុងកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកដោយសារកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីទាំងពីរ ។

លោកបាននិយាយថា រុស្ស៊ីត្រៀមខ្លួនបន្តការទាក់ទងគ្នាកម្រិតខ្ពស់ទៅទៀត ,ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ព្រមទាំងធ្វើការដើម្បីឱ្យទទួលបានលទ្ធផលកាន់តែធំឡើងពីកិច្ចសហប្រតិបត្តិការជាក់ស្តែង ។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរបញ្ហាដែលមានជាប់ទាក់ទងដល់ឧបទ្វីបកូរ៉េ , មជ្ឈិមបូព៌ា និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយពួកគេបានឈានដល់ការមូលមតិគ្នាដ៏ធំទូលាយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )