អ៊ុយក្រែននឹងបំពេញការសន្យានៅក្រោមរបបគ្មានទិដ្ឋាការជាមួយ​ EU

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីអ៊ុយក្រែនលោក ប៉េត្រូ ប៉ូរ៉ូសេនកូ ( Petro Poroshenko ) បាននិយាយពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែនកំពុងបំពេញនូវការសន្យារបស់ខ្លួន នៅក្រោមរបបគ្មានទិដ្ឋាការជាមួយសហភាពអ៊ឺរ៉ុប ( EU ) ។
លោក ប៉ូរ៉ូសេនកូ បានសរសេរនៅលើ Twitter ថា ប្រទេសអ៊ុយក្រែន នឹងបំពេញឱ្យបានពេញលេញកាតព្វកិច្ចរបស់ខ្លួន ហើយប្រជាជនអ៊ុយក្រែនអាចធ្វើដំណើរដោយសេរីទៅកាន់បណ្តាប្រទេសEU ។

មេដឹកនាំអ៊ុយក្រែនបាននិយាយបន្ថែមថា ក្រសួងការបរទេសអ៊ុយក្រែនកំណត់នឹងប្រគល់សេចក្តីរាយការណ៍ថ្នាក់ជាតិ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងគ្មានទិដ្ឋាការដោយប្រទេសអ៊ុយក្រែន ទៅឱ្យគណៈកម្មការអឺរ៉ុប ក្នុងពេលឆាប់ៗនេះ ។

កាលពីខែកន្លងទៅលោក ប៉ូរ៉ូសេនកូ បាននិយាយថា ប្រជាជនអ៊ុយក្រែនជាង ១លាននាក់បានធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ EU ចាប់តាំងពីការណែនាំនូវយន្តការគ្មានទិដ្ឋាការកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំកន្លងទៅ ។
យន្តការគ្មានទិដ្ឋាការនេះ នឹងអនុញ្ញាតឱ្យពួកអ្នកកាន់លិខិតឆ្លងដែន biometric អ៊ុយក្រែនស្នាក់នៅ EU រយៈពេល៩០ថ្ងៃ ដោយគ្មានទិដ្ឋាការនៅក្នុងរយៈពេល ១៨០ ថ្ងៃណាមួយនោះ ។

យន្តការនេះនឹងអនុវត្តន៍នៅបណ្តាប្រទេស EU ទាំងអស់លើកលែងតែប្រទេសអៀរឡង់ និងអង់គ្លេស ។ ប្រជាជនអ៊ុយក្រែនក៏អាចចូលទៅកាន់បណ្តាប្រទេសមិនមែន EU មួយចំនួនផងដែរគឺប្រទេសអាយឡែន លិចថិនស្តេន , ន័រវេស និងស្វីស ដោយគ្មានទិដ្ឋាការ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )