ការវិនិយោគដោយផ្ទាល់ពីបរទេសលើវិស័យសំណង់មាន កំណើនខ្ពស់ជាងគេនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨–អ្នកសេដ្ឋកិច្ចបានអះអាងថា ការវិនិយោគដោយផ្ទាល់ពីបរទេស លើវិស័យសំណង់មាន កំណើនខ្ពស់ជាងគេ ដោយទុនវិនិយោគក្នុងវិស័យនេះ កើនដល់ជាង២.០០០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០១៨។

លោក តេង ឌឺលុច អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះថា ការកើនឡើងពីវិស័យសំណង់ក្នុងប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងឱ្យឃើញ ពីការរីកចម្រើននៃកំណើនសេដ្ឋកិច្ចជាតិ ដោយកម្ពុជាអាចទទួលបាននូវផលចំណេញ ច្រើនពីការកើនឡើងនេះ។ លោកបញ្ជាក់ថា កម្ពុជា នឹងទទួលបានផលចំណេញច្រើន ពីការវិនិយោគដោយផ្ទាល់ពីបរទេស ដូចជាការបង្កើតការងារដល់ប្រជាពលរដ្ឋ បង្កើតការប្រកួតប្រជែង បង្កើតចំណូលចូលសេដ្ឋកិច្ចជាតិ តាមរយៈការប្រមូលពន្ធជាដើម។

លោកបានបន្តទៀតថា បើទោះបីជាសំណង់អគារខ្ពស់មានការកើនឡើងក៏ដោយ ក៏លោកយល់ឃើញថា កម្ពុជាត្រូវបង្កើនការវិនិយោគសំណង់អគារបន្ថែមផងដែរ ដើម្បីត្រៀម ឆ្លើយតប ទៅនឹងការប្រែប្រួលជាសកលនៃសេដ្ឋកិច្ចពិភពលោក។

បើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែជាវិស័យ អទិភាពខ្ពស់ក្នុងការទាក់ទាញក្រុមវិនិយោគ បរទេសមកពីបណ្ដាប្រទេសអាស៊ីភាគច្រើន រួមមានប្រទេសចិន ទីក្រុងហុងកុង សិង្ហបុរី តៃវ៉ាន់ កូរ៉េ និងម៉ាឡេស៊ីជាដើម ដោយក្នុងឆមាសទី១ឆ្នាំ ២០១៨នេះ ក្រសួងបានអនុម័ត គម្រោងសំណង់ប្រមាណ១.០០០គម្រោង។

គួរបញ្ជាក់ថា ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសមកកម្ពុជា កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលកម្ពុជា បានចេញផ្សាយគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) រយៈពេល១០ឆ្នាំ ដែលបញ្ជាក់ពីយុទ្ធសាស្ដ្រ ក្នុងការពង្រីកមូលដ្ឋានឧស្សាហកម្ម ឱ្យហួស ពីវិស័យកាត់ដេរ និងការនាំចេញអង្ករ ក្នុងគោលបំណងទាក់ទាញការវិនិយោគដោយផ្ទាល់ កាន់តែច្រើន៕

ដោយ ម៉ៅ ចរិយា