សម្ដេចតេជោ ហ៊ុន សែន នឹងបង្កើតវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលជាមួយគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត

AKP ភ្នំពេញ​ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨–​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា នឹង​បង្កើត​វេទិកាពិគ្រោះយោបល់ក្រៅផ្លូវការមួយ រវាងរាជរដ្ឋាភិបាល ជាមួយគណបក្សនយោបា​យ​​​ដែលចូលរួមបោះឆ្នោត ដែលជាវេទិកាថ្មីមួយ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីឱ្យបណ្ដា​បក្ស​នយោបាយទាំងនោះចូលរួមក្នុងការកសាងប្រទេស និងសុខដុមរមនាក្នុងសង្គមជាតិ ព្រម​ទាំង​បង្កើតឡើងនូវវប្បធម៌សន្ទនារវាងបក្សនយោបាយក្នុងរដ្ឋាភិបាល និងបក្សនៅក្រៅរដ្ឋា​ភិ​បា​ល ឬបក្សនយោបាយនៅក្រៅរដ្ឋសភានោះ។

​ក្នុងពិធីសំណោះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនជាង ១៥០០០នាក់​ដែ​ល​​មក​ពីរោងចក្រ សហគ្រាសចំនួន១៧ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើ​ឡើ​ង​​នា​ព្រឹក​ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ​សី​ហា​ ឆ្នាំ២០១៨ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ សម្ដេចតេជោមាន​ប្រសា​ស​​​ន៍​​ថា ក្នុងអាណត្តិទី៦នេះ យើងអាចមានគណបក្សនយោបាយយ៉ាងច្រើនពីរ ឬបី នៅក្នុង​រដ្ឋ​ស​ភា ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ទេ ព្រោះនេះជាសិទ្ធិរបស់គណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោ​ត ជួនកាលអាចមានតែមួយគណបក្សនយោបាយផង។

បើអីចឹងតើបក្សនយោបាយដែលបាន​ចូ​ល​រួមការបោះឆ្នោតទាំងនោះ ត្រូវចូលរួមជីវភាពនយោបាយបែបណា បើក្នុសភាមិនអាច​ចូ​ល​​​បាន។

ដូច្នេះខ្ញុំត្រៀមខ្លួនដើម្បីបង្កើតឡើងនូវវេទិកាពិគ្រោះយោបល់ ជាមួយនិងគណ​បក្ស​ន​យោបាយដែលបានចូលរួមបោះឆ្នោត។ បានសេចក្ដីថាខ្ញុំមិនជួបក្នុងឋានៈខ្ញុំជាប្រធានគណ​បក្ស​ប្រជា​ជន​កម្ពុជាទេ ខ្ញុំជួបក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ដោយអញ្ជើញបណ្ដាបក្សនយោ​បា​យ ​ក្នុ​ងមួយគណបក្ស ពីរ ឬបីនាក់ មកកាន់វិមានសន្តិភាពនៅមុនការបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីយើងពិគ្រោះយោបល់ជាមួយគ្នា។ បើអ្នកពេញចិត្តក៏អញ្ជើញមក ហើយអ្នកមិនពេញចិត្ត​មិន​មកក៏បាន តាមចិត្តចង់។

សម្ដេចតេជោបន្តថា ការពិគ្រោះយោបល់នោះគឺបណ្ដា​បក្សន​យោ​​បាយទាំងអស់ត្រូវ ពិនិត្យមើលថា តើយើងមានអ្វីខុសគ្នា និងអ្វីដែលដូចគ្នា ឧទាហរណ៍ក្នុ​ង​វិស័​យ​កសិកម្ម ការជំរុញការចិញ្ចឹមសត្វ យើងរិះរកវិធីដើម្បីទម្លាក់តម្លៃចំណីសត្វដែលនាំចូល ដោ​យ​រកវិធីផលិតចំណីសត្វក្នុងស្រុក បង្កើនគុណភាពចំណីសត្វដើម្បីឱ្យពលរដ្ឋរបស់យើងចិញ្ចឹម​ស​ត្វ ហើយផ្គត់ផ្គង់ក្នុងស្រុករហូតទៅដល់ការនាំចេញថែមទៀត។ល។ ការធ្វើបែបនេះគឺដើម្បី​កុំ​ឱ្យ​បក្សកាន់អំណាចជិះសេះលែងដៃ ដូច្នេះខ្ញុំចង់ឱ្យបក្សនយោបាយទាំងឡាយចូលរួមវិភាគ​ទា​ន ហើយក៏វាមានផលចំណេញដល់បក្សនយោបាយទាំងនោះផងដែរ។

សម្ដេចតេជោនា​យ​ក​​​​រ​ដ្ឋមន្ត្រីថ្លែងទៀតថា យើងធ្លាប់ពិគ្រោះយោបល់លើសេចក្ដីព្រាង ច្បាប់ជាមួយនឹងអង្គការមិនមែន​​រដ្ឋា​​ភិបាល វេទិកាជាមួយអ្នកបរិស្ថាន និងធនធានព្រៃឈើ និងតំណាងអង្គការ​សហ​ប្រ​ជា​ជា​​តិប្រចាំកម្ពុជា​ រឿងអ្វីដែលយើងមិនអាចធ្វើបានជាមួយនឹង បណ្ដាបក្សនយោបាយដែលចូ​ល​​រួម​​បោះ​ឆ្នោត​។ យើងចង់ប្រមូលធាតុចូល ដែលខ្ញុំធ្លាប់បាន និយាយកាល​ពី​ពេល​មុ​ន​​ថា ប្រ​​មូ​​ល​កម្លាំង​មនុស្ស កម្លាំងបញ្ញា និងកម្លាំងទ្រព្យសម្បត្តិ ដើម្បីអភិវឌ្ឍន៍ប្រទេស ហើយ​ខ្ញុំ​ចង់​ប្រើ​ប្រា​ស់អាណត្តិទី៦នេះ ជាអាណត្តិនៃការប្រមូល ធនធានខួរក្បាល។ «ខ្ញុំគិតថាយើងនឹង​អា​ច​​​ធ្វើ​បាន​នូវចំណុចអស់ទាំងនេះ ហើយ​បើ​មាន​តម្រូវ​ការ យើងអាចអញ្ជើញប្រធានគណបក្ស ឬ​ក៏​ថ្នាក់ដឹកនាំគណបក្សមកធ្វើជាទីប្រឹក្សា​ឱ្យ​ក្រ​សួង​ណាមួយដែលខ្លួនមានជំនាញ»។ នេះ​គឺ​ជា​​​​គំនិ​ត​​ផ្ដួចផ្ដើមមួយដែលខ្ញុំចង់ជូនសារដល់បណ្ដា បក្សនយោបាយដែលចូលរួមការ​បោះឆ្នោត៕

ដោយ ជឹម ណារី