គ្រោះទឹកជំនន់ និងរាំងស្ងួតប៉ះពាល់ដំណាំកសិកម្ម​ខេត្តត្បូងឃ្មុំចំនួន​ ៣.៦៥១ហិកតា

AKP ត្បូងឃ្មុំ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ –តាមរបាយការណ៍របស់មន្ទីកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ គ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានបំផ្លាញដំណាំប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ចំនួន ៣.៦៥១ហិកតា ក្នុងនោះទឹកជំនន់ទន្លេមេគង្គក៏បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនរស់នៅតាមដងទន្លេដូចជាស្រុកក្រូចឆ្មារ និង ស្រុកត្បូងឃ្មុំ ជម្លៀសសត្វពាហនៈមករកទីទួលសុវត្ថិភាពចំនួន ១៦កន្លែង

គ្រោះមហន្តរាយធម្មជាតិបានធ្វើឱ្យប៉ះពាល់ដំណាំរបស់ប្រជាកសិករក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូរាំឳ ស្រុកតំបែរ និងស្រុកមេម៉ត់ ចំនួន ៣.៦៥១ហិកតា ក្នុងនោះដំណាំ ពោត ១.៦៨៩ហិកតាដំណាំស្រូវ ១.៩៣២ហិកតា និងដំណាំដំឡូងមី  ៦៩ហិកតា ។ ស្របពេលមានទឹកជំនន់ទន្លេមេគង្គនេះ នៅស្រុកពញាក្រែកក៏ជួបគ្រោះរាំងស្ងួតធ្វើឱ្យផ្ទដី ស្រែចំនួន ៧៣៨ហិកតា ខូចខាតផងដែរ ។ ដោយឡែកសត្វពាហនៈដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៦កន្លែង ក្នុងនោះគោចំនួន ២.៨៩៨ក្បាល ក្របី ២៩៦ក្បាល សេះ ៩ ក្បាល និងពពែ ៦១៨ក្បាល ។
             ជាមួយនឹងស្ថានភាពនេះមន្ត្រីសាលាខេត្ត មន្ទីជំនាញ និងអង្គភាពពាក់ព័ន្ធបានយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីត្រៀមជួយគ្រប់ពេលក្នុងគ្រាមានគ្រោះអាសន្នកើតឡើងជាយថាហេតុជាពិសេសនៅតាមភូមិ ឃុំដែលកំពុងជន់លិចដោយទឹកជំនន់ទន្លេមេគង្គ ៕

ដោយ ណយ នឿន