កូរ៉េខាងត្បូង និងអាមេរិកនឹងធ្វើកិច្ចចរចាគណៈកម្មាធិការកម្រិតកំពូល ស្តីអំពីកិច្ចសហប្រតិបត្តិការថាមពលអាតូម៉ិក

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ — ក្រសួងការបរទេសក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអង្គារថា កូរ៉េខាងត្បូង និង​អាមេរិក នឹងធ្វើកិច្ចប្រជុំគណៈកម្មាធិការកម្រិតកំពូលរបស់ពួកគេ ស្តីអំពីកិច្ចសហប្រតិបត្តិការ​ថាមពលអាតូម៉ិកទ្វេភាគីនា សប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីងតោន។
នាថ្ងៃព្រហស្បតិ៍ស្អែកនេះ អនុរដ្ឋមន្រ្តីការបរទេសទីក្រុងសេអ៊ូលលោក ចូ​ អីយ៉ុន(Cho Hyun) អនុរដ្ឋ​មន្រ្តី​ការបរទេសអាមេរិក​ទទួលបន្ទុកផ្នែកថាមពល លោក Dan Brouillette នឹងធ្វើការសម្រេចចិត្តរួមគ្នាលើកិច្ចប្រជុំគណៈកម្មាធិការទ្វេភាគីកម្រិតកំពូល ​​ដែលនឹងនាំមកនូវ ពួកមន្រ្តីជួបជុំគ្នាប្រមាណ​៦០នាក់​មកពីរដ្ឋាភិបាលទាំងពីរ​។

នៅឯកិច្ចប្រជុំនោះដែរ សម្ព័ន្ធមិត្តទាំងពីរ​គ្រោងនឹងពិភាក្សាគ្នាក្នុងកម្រិតនៃបញ្ហានានា មានដូចជាគោលនយោបាយរៀងៗខ្លួនរបស់ពួកគេ ស្តីអំពីថាមពលអាតូម៉ិក​ ការនាំចេញ​រ៉េអាក់ទ័រនុយក្លេអ៊ែរ នឹងការធ្វើមិនឱ្យរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយនិងសន្តិសុខ​ជាដើម។

គណៈកម្មាធិការនេះត្រូវបានគេបង្កើតឡើង ក្នុងបំណងតភ្ជាប់ទៅនឹងកិច្ចសហប្រតិ​បត្តិ​ការ​ថាមពលអាតូម៉ិកស៊ីវិលទ្វេភាគី​ ដែលជាកិច្ចព្រមព្រៀងចុងក្រោយមួយកាលពីឆ្នាំ២០១៥។

ក្រសួងបាននិយាយនៅក្នុងសេក្តីថ្លែងការណ៍ព័ត៌មានមួយថា កិច្ចប្រជុំនេះដែលនឹងត្រូវ​បាន​គេធ្វើឡើង​សម្រាប់ជាលើកដំបូង គិតចាប់តាំងពីរការបើកឡើងវិញនៃរដ្ឋបាលថ្មីៗរបស់​ប្រទេស​ទាំងពីរ ត្រូវបានគេគ្រោងដើម្បីធ្វើជាឱកាសដ៏ល្អមួយ ក្នុងការបញ្ជាក់ម្តងហើយ​ម្តង​ទៀតថា ពួកគេនឹងពង្រឹងកិច្ចសហប្រតិបត្តិការថាមពលអាតូម៉ិក​ជាយុទ្ធសាស្រ្ត និងស្វែងរកនូវ​វិស័យថ្មីៗទៀត​នៃកិច្ចសហប្រតិបត្តិការ ដែលស្ថិតនៅក្រោមគោលនយោបាយ​ថាមពល​អាតូ​ម៉ិក​​​របស់ពួកគេ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )