ក្រសួងអប់រំពង្រឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបន្ថែមទៀតសំរាប់សិស្សប្រឡងនៅឆ្នាំ២០១៨

វិទ្យុេជាតិកម្ពុជា៖ អត្ថបទ ទុយ សូលីដា និងឌីណេ រូបថត លោក ចន ណារិទ្ធ៖

ក្រសួងអប់រំយុវជននិងកីឡាបានពង្រឹងការអនុវត្តកំណែទម្រង ក្នុងការប្រឡងសញ្ញា​បត្រមធ្យម​សិក្សាទុតិយភូមិបន្ថែមទៀតសំរាប់បេក្ខជនដែលប្រឡងនៅឆ្នាំ២០១៨នេះ ដើម្បីស្របតាម​គោល​ការច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលពិតប្រកដដែលទទួលយកបាន។
លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូលទៅ នៃក្រសួងអប់រំយុវ​ជន​និង​កីឡា បានមានប្រសាសន៍ នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងថា ក្រសួងបានចុះត្រួត​ពិនិត្យ​គ្រប់មណ្ឌល ទូទាំងរាជធានី-ខេត្ត តំរូវអោយមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជាទ្វា បង្អួច របង ដំបូល អគ្គិសនី និងបង្គន់អនាម័យជាដើម ។លោកបន្តថា ការវិវត្តកំណែទម្រង់​សំរាប់ការ​ប្រ​ឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨នេះ ក្រសួងបានរក្សានូវគោលការណ៍រួមសំខាន់ៗ នៅ​ពេល​​ប្រឡងដូចឆ្នាំមុនៗ ប៉ុន្តែអ្វី ដែលវិវត្ត័ថ្មី គឺការងារបច្ចេកទេស ក្រសួងនឹងរឹតបន្តឹងចំនុចខ្វះ​ខាត​បន្ថែម​ទៀត ។ នៅក្នុងក្របខ័ណបច្ចេកទេស​យើងរិត​​តែ រឹតបន្តឹង នៅកិច្ច​ការ​បច្ចេកទេសបន្ថែម​ទៀត ទៅលើកិច្ចការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅដំ​ណាក់​​កាលសំនេរ ដំណាក់​កាលកំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងដំណាក់កាលប្រកាសនូវលទ្ធិផល ធ្វើយ៉ាង​ណា​អោយលទ្ធផលរបស់យើងគឺកាន់តែសុក្រិត ស្របតាមតាមគោលការច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធិផលពិតប្រកដែលទទួលយកបាន។
លោកប្រធានបានបញ្ជាក់ថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ឆ្នាំ២០១៨​នេះដែលទទួលបាននិទ្ទេស A.B និងC ក្រសួងអប់រំយុវជននិងកីឡាមានការលើកទឹកចិត្ត អោយ​ចូលធ្វើជាគ្រូបង្រៀននៅសាលាគរុកោសល្យពេញសិទ្ធិ ដោយមិនចាំបាច់ឆ្លង​កាត់ការប្រលង​ចូល​​​ឡើយ។
លោកពូ សំអុល ជាប្រជាពលរដ្ឋនៅខេត្តព្រៃវែងបានប្រាប់អោយដឹងថា លោកពូមានកូនម្នាក់​ដែល​​ត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០១៨នេះ លោកពូបានជំរុញនិងលើក​ទឹក​ចិត្តអោយកូនខិតខំរៀនសូត្រតាំងពីបឋមសិក្សាមកម្លេះ លោកពូពិតជាសប្បាយចិត្ត​ដោយ​មើល​ឃើញពីការ រឹតបន្តឹងរបស់ក្រសួងដើម្បីទទួលបាននូវគុណភាពពិតប្រាកដ។ លោកពូបន្តថា លោកអរគុណណាស់ដែលខាងក្រសួងមានការយកចិត្តទុកដាក់អំពីគុណភាពសម្រាប់សិស្សានុសិស្ស ហើយខ្ញុំក៍អបអរសាទរដែរ ដោយបានក្រសួងបានចូលរួមពង្រឹងនូវគុណភាព ហើយ​ខ្ញុំ​សង្ឃឹមថានៅទៅថ្ងៃអនាគតនិស្សិតយើងនិងមានគុណភាព។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ និងប្រព្រឹត្តទៅ ពីថ្ងៃ​ទី ២០ ខែសីហា ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ សិស្សប្រឡងថ្នាក់វិទ្យាសាស្រ្តពិត ៥២%​និង​ថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ៤៨% មានមណ្ឌលប្រឡងទូទាំងប្រទេស ចំនួន១៩៦មណ្ឌល ចែក​ជា៤៧១៦បន្ទប់ បេក្ខជនមានចំនួន ១១៧ពាន់៦១នាក់ កើនឡើង ១ម៉ឺន ៣ពាន់នាក់បើធៀប​និង​ឆ្នាំ២០១៧ ។