មន្រ្តីជំនាញ អៈអាងថា ជំងឺគ្រុនឈាមឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ប៉ុន្តែមិនជាបញ្ហាចោទសំរាប់ប្រជាពលរដ្ឋទេ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ធីណា ឌីណេ រូបថត លោក ចន ណារិទ្ធ៖
  មន្ត្រី​​ជំនាញផ្នែកជំងឺគ្រុនឈាម បានថ្លែងប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី១៥ ខែសីហា នេះថា ជំងឺ​គ្រុនឈាមឆ្នាំនេះមានការកើនឡើងជាងឆ្នាំកន្លងមក ប៉ុន្តែ​មិនជាបញ្ហាចោទ​សំរាប់ប្រជាពលរដ្ឋ​ទេ ដោយ​សារពួកគាត់មានការយល់ដឹងច្រើន ជាពិសេស​ក្រុម​គ្រូពេទ្យនៅតាមមន្ទីរពេទ្យក្រុង ខេត្ត យកចិត្តទុកដាក់ខ្ពស់ ព្យាបាលជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរដូវវស្សា ឬក្នុងខែសីហា និងខែកញ្ញា ហើយវានិងធ្លាក់ចុះមកវិញនៅ ក្នុងខែតុលាផងដែរ។
  លោកវេជ្ជបណ្ឌិត លៀង រិទ្ធា ប្រធានកម្មវិធីជាតិ ប្រយុទ្ធនិងជំងឺគ្រុនឈាម នៃមជ្ឍមណ្ឌលជាតិ​ប្រយុទ្ធជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល បានអោយដឹងថា នៅឆ្នាំ២០១៨នេះ ជំងឺគ្រុន​ឈាម​​អាចនឹងមានការកើនឡើង ជាងឆ្នាំកន្លងទៅ ដោយសារតែជំងឺគ្រុនឈាមតែងតែ រាតត្បាត​រយៈ​ពេល៦ឆ្នាំឬ៧ឆ្នាំម្តង ដែលការរាលត្បាតចុងក្រោយបំផុតនៅឆ្នាំ២០១២។ លោកបន្តថា ទោះ​បី​ជាជំងឺគ្រុនឈាមមានការកើនឡើងមែន ប៉ុន្តែវាលែងជាក្តីបារម្ភ សំរាប់ប្រជាពលរដ្ឋទៀតហើយ ដោយសារ មានការចូលរួមរបស់សហគមន៍ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ មាន​ការ​យល់ដឹងច្រើនជាងមុន ដែលអាចការពារកូន ចៅកុំអោយកើតជំងឺនេះបាន។

    លោកប្រធានបន្តថា ក្រសួងសុខាភិបាលក៏ដូចជាកម្មវិ​ធីជាតិនៅតាមបណ្តាលខេត្ត​ទាំង​អស់​មាន​ការយកចិត្តតុកដាក់ជាងមុន ទទួលបានការណែនាំពីថ្នាក់ដឹកនាំជាពិសេសេ​ខេត្តដែលជួប​ទឹក​ជំ​នន់​ទាំងអស់ អោយត្រៀមលក្ខណៈប្រុងប្រយ័ត្ន នៅពេលដែលទឹកលិច ហើយស្រក់ទៅវិញ ដោយ​សារកន្លែងខ្លះដក់ទឹក វានឹងក្លាយជាជំរករបស់មូសខ្លា​។​ដូច្នោះដោយសារតែក្រសួង​ដឹងជា​មុខថា នៅឆ្នាំនេះអាចនឹងមានការប្រឈមនឹង​និងការកើន​ឡើង​ខ្ពស់នៃជំងឺ គ្រុនឈាម ទើបក្រ​សួង​ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ នៅតាមសហគមន៍ ក៏ដូច​ជាដាក់ថ្នាំអាប៊ែត ការអប់រំសុខ​ភាព​នៅ​តាមវត្តអារាម សាលារៀន សហគមន៍តំាង​ពីដើម​ឆ្នាំរហូត​មកដល់សព្វថ្ងៃនេះទើបធ្វើអោយ​យើង​​​ស្ថិតនៅក្នុងកំរិតមួយដែលអាចនិយាយថា យើងមាន​មោទន​ភាពដែលយើងអាចគ្រប់គ្រងស្ថាន​ភាពនេះបាន ប្រសិនបើកន្លងមកយើងមិនបានដឹង​មុន​ខ្វះការយកចិត្តទុកដាក់ពីក្រសួងសុខាភិ ឆ្នាំនេះប្រហែលជាផ្ទុះជំងឺគ្រុនឈាម​ដូចដែលយើង​ប្រ​មើល​ចឹង។
លោកវេជ្ជបណ្ឌិត លៀង រិទ្ធា ប្រធានកម្មវិធីជាតិ ប្រយុទ្ធនិងជំងឺគ្រុនឈាម នៃមជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ ជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល បានបន្ថែមទៀតថា សម្រាប់ឆ្នាំនេះ ក្រសួងសុខា​ភិ​បាល បានត្រៀមសេរ៉ូមរហូតដល់ជិត៤ម៉ឺនប្លោក សម្រាប់ព្យាបាលជម្ងឺគ្រុនឈាមនៅ​តាមមន្ទីរ​ពេទ្យ​រដ្ឋ ហើយថ្នាំអាប៊ែតមានរហូតដល់២៥០តោន ទៅ៣០០តោន ដើម្បីបែងចែកទៅដល់លំ​នៅ​​​​ដ្ឋាន​ប្រជាពលរដ្ឋនៅទូទំាងប្រទេស។
សូមបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៨រហូតមកដល់ពេលនេះ កម្ពុជាមានករណីគ្រុនឈាមកើត​ឡើងរហូតដល់ជាង៧១២៣ករណី ក្នុងនោះចំនួននាក់ស្លាប់មានចំនួន១៣នាក់ ៕