សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ របស់រដ្ឋបាល ​​ខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ –នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំងមានរៀបចំសិក្ខាសាលា​សមាហ​រណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ​២០១-២០២១របស់ខ្លួន ដែលមានការចូលរួមពី​​ក្រសួងស្ថាប័ន មន្ទីរអង្គភាព អង្គការជាតិ ​អន្តរជាតិ ​វិស័យ​ឯកជន​ជាច្រើន​រយនាក់​ដែល​បង្ហាញ​ពីស្មារតី​​ចូលរួមនិង​កិច្ចសហការល្អក្នុងការងារអភិវឌ្ឍន៍ខេត្ត។

ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញជាអធិបតីក្នុងសិក្ខា សាលានេះបានមានប្រសាសន៍ថា ការអភិវឌ្ឍមិនមែនជាការងារដែលអាចសម្រេច​បានក្នុង    រយៈ​ពេល១ឆ្នាំ​ឬ២ឆ្នាំឬក៏ខ្វះការចូលរួមបាននោះទេហើយការងារនេះក៏ទាមទារនូវ​ពេលវេលាយូរ​អង្វែងផង​ដែរ ក្នុងនោះ​ត្រូវមានផែនការអនុវត្តន៍ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ​ និងមានកិច្ច​សហប្រតិបត្តិការ​ល្អពីថ្នាក់ជាតិ​ស្ថា ប័ននានាភាគីពាក់ព័ន្ធ ព្រមទាំងកៀរគរធនធានថវិកាសម្ភារឱ្យ​អស់លទ្ធភាពនិងមធ្យោបាយ។  ជាមួយគ្នានេះការចូលរួម គឺជាកត្តាសំខាន់ដែលមិនអាចខ្វះបាន​ក្នុង​ដំណើរការ​អភិវឌ្ឍន៍ប្រកប​ដោយចីរភាព។  ការងារកសាងផែនការពិតជាមូលដ្ឋានមួយដ៏មានសារៈសំខាន់ណាស់ក្នុងការធានាធ្វើឱ្យប្រសើរ​ដល់កិច្ចការអភិវឌ្ឍន៍​។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនិងអនុវត្ត​ន៍យ៉ាងខ្ជាប់ខ្ជួននូវគោល​នយោបាយកំណែ​ទម្រង់លើគ្រប់វិស័យនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ ដើម្បីជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋ ធានាសមធម៌ក្នុងសង្គម និងលើកស្ទួយប្រសិទ្ធភាពវិស័យសាធារណៈ ហើយគោលដៅនេះជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ប្រកបដោយតម្លាភាព គណនេយ្យភាព បង្កើនភាពជឿជាក់​របស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានសំណូមពរសូមឱ្យអង្គសិក្ខាសាលាទាំងមូលត្រូវយកចិត្តទុកដាក់ក្នុងការធ្វើការពិភាក្សា ​ផ្លាស់ប្តូរយោបល់ឱ្យ​បានស៊ីជម្រៅ ដើម្បីបំពេញតម្រូវការរបស់មូលដ្ឋាន។

ឯកឧត្តមបានបន្តទៀតថា អង្គសិក្ខាសាលានា​ថ្ងៃនេះ រដ្ឋបាលខេត្តមានគោលបំណងបង្ហាញអំពីការសម្របសម្រួលរវាងអ្នកពាក់ព័ន្ធ និងការបន្ស៊ី​គ្នា​នូវ​គម្រោងកម្មវិធីវិនិយោគក្រុង ស្រុកនិងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋបាលខេត្ត ក្រុង ​ស្រុក និងភាគីពាក់ព័ន្ធនានាដែលកំពុងនិងបន្តកម្មវិធីអភិវឌ្ឍន៍នានាក្នុងខេត្ត សំដៅដើម្បី​កៀរ​គរធនធាន​សម្រាប់អនុវត្តន៍គម្រោងវិនិយោគនានា ដែលស្នើឡើងនិងដែល​មាន​ក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋបាល​ខេត្ត ក្រុង ស្រុក។

ឯកឧត្តមបានបញ្ជាក់ថា ការលើកផែន​ការនេះ​គឺដើម្បីពិនិត្យមើលគម្រោងដូចគ្នា ​ជាន់គ្នាដែលបានរៀបចំដោយអង្គការ​​សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំដៅធ្វើយ៉ាងណាជំរុញល្បឿនការអភិវឌ្ឍខេត្តឱ្យកាន់តែ​មាន​ការរីកចម្រើនថែមទៀត ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងនៅទូទាំងខេត្ត

ដោយ​ បៃ ស៊ីថុន