អភិបាលរាជធានី សុំឲ្យខណ្ឌទាំង១២ បន្តពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អជាប់ជាប្រចាំ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ រូបថត លោក ចន ណារិទ្ធ៖

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ និងកងកម្លាំងមានសមត្ថកិច្ច បន្តពង្រឹង ការងារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោង លើ២៤ម៉ោង ជាប់ជាប្រចាំ ពិសេស ត្រូវលុបបំបាត់ឲ្យបាន ចំ ពោះគ្រឿងញៀន ដើម្បី ភូមិ សង្កាត់ មានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ សីហា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋ មិនអាចខ្វះបាន ដូច្នេះ បើទោះបីជាសន្តិសុខ សណ្តាប់ធ្នាប់ មានភាពរលូនយ៉ាងណាក៏ដោយ យើងត្រូវរក្សាការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនេះឲ្យបានល្អបន្តទៀត។

ឯកឧត្តមអភិបាលក៏បានថ្លែងកោតសរសើរ ដល់កងកម្លាំងទាំងអស់ ដែលការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ក្នុងដំណើរការ នៃយុទ្ធនាការឃោសនាឆ្នោតថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោតកន្លងមកផងដែរ។ ក្នុងនោះ រដ្ឋបាលរាជធានី បានបង្ហាញមោទនភាព ដែលកងកម្លាំងសមត្ថកិច្ចរួមមាន ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងកម្លាំង នៃកងពលតូចលេខ៧០ រួមជាមួយអាជ្ញាធរខណ្ឌទាំង១២ ដែលបានខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ បានល្អប្រសើរជូនប្រជាពលរដ្ឋ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានថា ឯឧ. អភិ បាលរាជធានី បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន អ្នកណាសុទ្ធតែត្រូវការសន្តិសុខទាំងអស់។ ពិសេស ក្នុងអំឡុងយុទ្ធនាការឃោសនារក សំឡេងឆ្នោត ជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូន ដែលពុំមាន បញ្ហាអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះលើយ និងបានធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ដោយសារ រដ្ឋបាលរាជធានី រក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនសង្គម និងជូនប្រជាជនបានល្អ។ អ្នកនាំពាក្យរូបនេះបន្តថា ក្នុងនោះឯឧ.អភិបាលរាជធានី ក៏បានជំរុញឲ្យខណ្ឌទាំង១២ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ បន្តទៀត មិនមែនតែការបោះឆ្នោតនោះទេ ក្រោយបោះឆ្នោត ក៏នៅបន្តរក្សាការងារនេះ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាប់ជាប្រចាំផងដែរ។

លោក បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ពាក់ព័ន្ធនិងការងាររៀបចំសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមអភិបាលរាជធានី បានជំរុញអាជ្ញាធរបន្តយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់លើផ្លូវទាំង១១ខ្សែ ឲ្យម៉ឺងមាត់បន្ថែមទៀត ត្រូវដាក់កម្លាំង និងរថយន្តស្ទូចប្រចាំការ ដើម្បីត្រៀមស្ទូចរថយន្តណា ដែលមិនគោរពតាមការណែនាំ ចតបែបអាណាធិបតេយ្យ នៅលើដងផ្លូវទាំង១១ខ្សែនោះ៕