ប្រធានសហព័ន្ធវូស៊ូកម្ពុជាបង្រួបបង្រួមជម្លោះផ្ទៃក្នុង ដើម្បីបន្តការអភិវឌ្ឍនិងរៀបចំផែនការឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨–ឯកឧត្តម ឧត្តមសេនីយ៍ឯក
វ៉ា ឈូដា ប្រធានសហព័ន្ធកីឡា វូស៊ូកម្ពុជាបានអញ្ជើញចូលរួម ជាអធិបតី ក្នុងពិធីបង្រួបបង្រួម និងផ្សះផ្សាសហព័ន្ធកីឡាវូស៊ូ និងដាក់ផែនការទិសដៅ ២០១៨ ដល់២០២១ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ដើម្បីបញ្ចប់​ជម្លោះ និងការខ្វែងគំនិតគ្នា កាលពីពេលកន្លងមក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាជំនាញ មួយនេះឱ្យកាន់តែល្អប្រសើរឡើងវិញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា ឈូដា បានមានប្រសាសន៍ថា កន្លងមកមន្ត្រីចាស់ៗរបស់ខ្លួន មួយចំនួន ខ្វែងគំនិតគ្នា មិនចុះសម្រុងដណ្តើមផលប្រយោជន៍រៀងៗខ្លួន ដោយមិនសូវបាន គិតគូរពីផលប្រយោជន៍រួម របស់សហព័ន្ធនោះទេ ដោយបានធ្វើឱ្យសហព័ន្ធថយចុះ នូវការ អភិវឌ្ឍរបស់ខ្លួន។ ឯកឧត្តមបានបន្តទៀតថា ចាប់ពីពេលនេះតទៅក្បាលម៉ាស៊ីនដឹកនាំរួមទាំ ងលោកគ្រូ អ្នកគ្រូ និងកីឡាករ កីឡាការិនីគប្បីត្រូវខិតខំរួមចិត្ត រួមធ្វើដើម្បីស្តារលទ្ធភាព ឱ្យបានល្អប្រសើរឡើងវិញ ក្នុងគោលដៅជាតិតែមួយលើវិស័យកីឡាវូស៊ូ និងបន្តដណ្តើម កិត្យានុភាពពីលើឆាកអន្តរជាតិជាបន្តទៀត។

ឯកឧត្តមបញ្ជាក់ថា ដើម្បីធ្វើឱ្យសហព័ន្ធជាតិមួយនេះបន្តភាពខ្លាំងបាន គឺយើងទាំងអស់គ្នា ត្រូវឈរលើគោលការណ៍ឯកភាពគ្នាជាធ្លុងមួយ ហើយប្រសិនបើមិនឯកភាពផ្ទៃក្នុងនោះទេ យើងមិនរំពឹងថា សហព័ន្ធបានរីកចម្រើនឱ្យសោះ។ ជាមួយគ្នានេះ ឯកឧត្តមបាន​បង្ហាញ ពីឆន្ទៈ​ខ្ពស់ក្នុងការស្វែងរកគ្រូបង្វឹកជាជនបរទេសឱ្យមកជួយឱ្យបានច្រើននាក់ ព្រមទាំង​បង្កើត គណៈកម្មការនានាចំណុះរបស់សហព័ន្ធ ដើម្បីប្រមូលផ្ដុំគំនិតក្នុងការអភិវឌ្ឍសហព័ន្ធជាបន្តទៀត។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជាមានប្រសាសន៍ដែរថា បច្ចុប្បន្ន សហព័ន្ធ មានសមាគម និងក្លិបចំណុះមានចំនួន១៩ ដែលមានកីឡាករ-កីឡាការិនី ១៨៦នាក់ មានគ្រូបង្វឹកថ្នាក់ក្រោមជាតិចំនួន២១នាក់ និងស្រី២០នាក់ ចំណែកគ្រូបង្វឹកថ្នាក់ជាតិបុរស ចំនួន៤នាក់ និងស្រ្តី៣នាក់ អាជ្ញាកណ្ដាល ថ្នាក់ក្រោមជាតិចំនួន ៣នាក់ និងថ្នាក់ជាតិ ចំនួន៤នាក់ រីឯចៅក្រមថ្នាក់ក្រោមជាតិចំនួន៣៩នាក់ និងថ្នាក់ជាតិ ចំនួន១៧នាក់។

សូមរម្លឹកថា ប្រភេទកីឡាវូស៊ូនេះមានប្រភពដើមមកពីប្រទេសចិន ដែលមានរយៈពេល​ជាង៥.០០០ឆ្នាំ មកហើយ ដែលជាបណ្តុំក្បាច់គុនមកពី១៨បក្សរបស់ចិន ហើយបានច្របាច់​បញ្ជូលគ្នាទើបក្លាយមកជា វូស៊ូនេះ ដោយកម្ពុជាបានទទួលយកក្បាច់គុននេះ និងបង្កើតជា សហព័ន្ធផ្លូវការ តាំងពីឆ្នាំ២០០០មកម្លេះ ដោយមានស្ថាបនិកសំខាន់ គឺឯកឧត្តម វ៉ា ឈូដា តែម្តង៕


ដោយ ហេង ណាលីន