ឯកឧត្តម គួច ចំរើន បន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈ រហូត មកដល់ពេលនេះ ប្រជាពលរដ្ឋ ខេត្តកំពង់ចាមចំនួន១០នាក់ បានស្លាប់ដោយសារលង់ទឹក

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានអះអាងថា ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពង់ទទួលរងគ្រោះ ដោយសាទឹកជំនន់ទន្លេមេគង្គ បានទទួលអំណោយដ៏ថ្លៃថ្លាពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ និងទាន់ពេលវេលា តាមរយៈអាជ្ញាធរខេត្តកំពង់ចាម ។ជាក់ស្តែងកាលពីថ្ងៃទី១៤ខែសីហានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបន្តធ្វើដំណើរតាមទូក ចុះចែកអំណោយកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៤៧៧គ្រួសារ ស្ថិតក្នុងឃុំល្វេ ស្រុកកោះសូទិន ។

ក្នុងពិធីចែកអំណោយនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការចែកអំណោយនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិតស្របតាមពេលវេលាដែលបងប្អូនកំពុងត្រូវការជំនួយ ថ្វីដ្បិតសំភារៈ និងថវិកាទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ។

ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើមានបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តាំផ្ញើរនូវការសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងស្នើឲ្យអាជ្ញាធរត្រូវតែជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ពណ៍សំបុលអ្វីឡើយ គឺ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់រហូតដល់ពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតផងដែរ។

អាជ្ញាធរខេត្តកំពង់ចាម បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤សីហានេះ នៅខេត្តកំពង់ចាម មានមនុស្សក្មេងចាស់ចំនួន១០នាក់ បានបាត់បង់ជីវិត ដោយសារលង់ទឹក ក្នុងកំឡុងពេលនៃទឹកជំនន់នេះ ៕