អ្នកនាំពាក្យក្រសួងធនធានទឹក៖ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៨ ខែសីហាខាងមុខ កម្ពុជា នឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់មាត់សមុទ្រ និងខេត្ដភាគឦសាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨–មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ព្យុះទី១៦ ឈ្មោះ បេប៊ីនកា នឹងមានឥទ្ធិពលមក​លើកម្ពុជា ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែសីហាខាងមុខ ដែលបង្កឱ្យមាន​ភ្លៀងធ្លាក់ច្រើននៅតំបន់​មាត់សមុទ្រ និងបណ្ដាខេត្ដភាគឦសាន។

​ឯកឧត្តម ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់AKP ឱ្យដឹង កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះថា រហូតមក​ដល់​ពេលនេះ ព្យុះបេប៊ីនកា កំពុងតែស្ថិតនៅក្នុងសមុទ្រក្បែរតំបន់ឆ្នេរភាគខាង​ត្បូងប្រទេស ​ចិន​ ហើយបន្ដធ្វើដំណើរ​មកភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃទី១៨ ខែសីហានេះ។ ប៉ុន្ដែឥទ្ធិពលរបស់ព្យុះនេះ ចាប់ផ្ដើម​មានពីពេលនេះតទៅ ដែលលក្ខណៈបែបនេះបានធ្វើឱ្យ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា មានស្ថានភាពផ្ទៃមេឃអាប់អួ មានភ្លៀងធ្លាក់ច្រើន និង ខ្យល់បោកបក់ខ្លាំងនៅតំបន់មាត់សមុទ្រ ជាពិសេស​ខេត្ដកោះកុង និងខេត្ដព្រះសីហនុ។

ឯកឧត្តមបានលើកឡើងថា ក្រោយពេលដែលព្យុះនេះ អស់ឥទ្ធិពល នឹងមានភ្លៀងធ្លាក់រាយ ប៉ាយច្រើនទាំងនៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាបភាគឦសាន ជាពិសេស បណ្ដាខេត្ដ ជាប់នឹងប្រទេសវៀតណាម ប៉ែកឦសាននេះ។ ចំណែកឥទ្ធិពលរបស់ព្យុះនេះក្នុងកម្រិត ទូទាំងប្រទេស ក៏មានភ្លៀងធ្លាក់ពីតិចទៅបង្គួរផងដែរ។

ឯកឧត្តមបានបន្ដទៀតថា ឥទ្ធិពលរបស់ព្យុះបេប៊ីនកានេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់នៅ​តំបន់ ផ្ទៃរងទឹកភ្លៀងដែលអូសកាត់ពីលើអាងទន្លេមេគង្គក្នុងប្រទេសវៀតណាម ថៃ និង ប្រទេសឡាវ ដែល កត្ដានេះធ្វើឱ្យទឹកទន្លេមេគង្គនឹងចាប់ផ្ដើមហក់ឡើងសារជាថ្មី។ ទន្ទឹមនេះ ក្រសួងធនធាន​ទឹកកំពុងតែ​តាមដាន និងពិនិត្យមើលជាប់ជាប្រចាំចំពោះការវិវត្ដន៍របស់ព្យុះ បេប៊ីនកានេះ ហើយបើមានអ្វីបែប្រួល ក្រសួងនឹងធ្វើការជូនដំណឹងជាបន្ដបន្ទាប់ទៀត។

ឯកឧត្តមបានអះអាងថា ព្យុះបេប៊ីនកានេះ វានឹងមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរមកលើ ប្រទេស កម្ពុជានោះទេ ដោយសារតែកម្ពុជាទទួលឥទ្ធិពលដោយប្រយោលពីព្យុះនេះ ប៉ុន្ដែ នៅតំបន់មាត់សមុទ្រ នឹងធ្វើឱ្យមេឃមានភាពអាប់អួ មានភ្លៀងធ្លាក់ច្រើន បង្កឱ្យមានខ្យល់ បោកបក់ខ្លាំង និងមានរលកធំៗ នៅលើផ្ទៃសមុទ្រ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូន ប្រជានេសាទ និងបងប្អូនដែលធ្វើដំណើរ តាមសមុទ្រទាំងអស់ ត្រូវបង្កើនការយកចិត្ដទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងគ្រោះ ថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។

​សូមបញ្ជាក់ថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹង ថា ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨មក ព្យុះបេប៊ីនកា កំពុងស្ថិតនៅក្បែរតំបន់ឆ្នេរកោះ ហៃណាន ភាគខាងត្បូងប្រទេសចិន ហើយនឹងធ្វើដំណើរមកដល់ភាគខាងជើង ប្រទេសវៀត ណាមនៅថ្ងៃទី១៨ ខែសីហា ខាងមុខ។ ឥទ្ធិពលព្យុះនេះ នឹងធ្វើឱ្យកាសធាតុនៅក្នុងប្រទេស កម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅខេត្ដជាប់មាត់សមុទ្រ និងបណ្ដាខេត្ដភាគឦសាន ហើយ បណ្ដារាជធានី ខេត្ដផ្សេងទៀត នឹងមាន ភ្លៀងធ្លាក់ពីតិចទៅបង្គួរ ជាពិសេសតំបន់អាងទន្លេ មេគង្គ នឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០១៨ ខណៈពេលដែល ព្យុះនេះអស់ឥទ្ធិពល៕

ដោយ អ៊ុន រិទ្ធី