ជំរឿននៅកម្ពុជាឆ្នាំ២០១៩នឹងប្រើប្រាស់ថវិកាជាតិ ជាង៨លានដុល្លារ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា ៖

រដ្ឋមន្រ្ដីក្រសួងផែនការ បានអះអាងថា ជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ នឹងប្រើប្រាស់ថវិកាជាតិចំនួនជាង៨លានដុល្លារសហរដ្ឋអាមេរិក ។

នៅក្នុង កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងផែនការ បានមានប្រសាសន៍ថា ការធ្វើជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ នឹងប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុង ដែលមានចំនួនជាង៨លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលមានតែអង្គការ UNFPA មួយប៉ុណ្ណោះ ដែលបានជួយលើជំនាញបច្ចេកទេស និងថវិកាមួយចំនួន។

ឯកឧត្តម បន្តថា ពាក់ពន្ធ័នឹងបញ្ហាជំរឿននេះរាជរដ្ឋាភិបាលបានកំណត់យកចាប់ ពី០០ម៉ោង ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ជាពេលវេលានៃដំណើរការកម្មវិធីជំរឿន ដោយគ្រោងប្រើប្រាស់ពេលវេលាប្រមាណជិត១ឆ្នាំ ។ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិ បាលគ្រោងប្រើធនធានមនុស្សចំនួនជាង៤ម៉ឺននាក់ ក្នុងការធ្វើជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩នេះ។