មន្ទីរអប់រំរាជធានីភ្នំពេញ ត្រៀមរៀបចំមណ្ឌលប្រលងរួចជាស្រេច សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជាង២ម៉ីននាក់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ អ៊ួង វុធ រូបថត លោក ចន ណារិទ្ធ៖

មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ត្រៀមរៀបចំមណ្ឌលប្រឡងរួចជាស្រេចអស់ហើយ សម្រាប់ បេក្ខប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២២៧៧៨ ម៉ីននាក់ ដោយ​មន្ទីរ​បានរៀបចំជួសជុលកែលម្អរមណ្ឌលប្រឡង ពិនិត្យលើស្ថានភាពទ្វារ បង្អួច និងដំបូលឲ្យបាន​សម​រម្យ ឲ្យមានភាពជិតល្អស្អាត និងស្ងប់ស្ងាត់ល្អសម្រាប់បេក្ខជនប្រឡងមានសុវត្ថភាព ជា​មួយ​និង កងកម្លាំងសន្ដិសុខ ចូលរួមការពារសុវត្ថិភាពយ៉ាងម៉ត់ចត់ ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានឲ្យដឹងថា មក​ដល់​ពេលនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ មន្ទីរ បានរៀប​ចំមណ្ឌល​ប្រឡងរួចរាល់អស់ហើយ ទាំងមណ្ឌលសំណេរ និងមណ្ឌលកំណែរ។ លោកបន្តថា ក្រៅពី​រៀប​ចំ​មណ្ឌលប្រលងមន្ទីរ បានពិនិត្យមើលលក្ខណៈបែកបាក់ធ្លុះធ្លាយទៅលើស្ថានភាពទ្វារ បង្អួចនិង​ដំបូលនៃមណ្ឌលនីមួយៗ ធ្វើការជួសជុលឡើងវិញ ដើម្បី ធានាបានភាពជិតល្អ និងស្ងប់ស្ងាត់​សម្រាប់​បេក្ខជនប្រឡង។ លោក បញ្ជាក់ថា ក្រៅពីនេះ ក្រសួងក៏បានផ្តល់គម្រោងជួស​ជុលលើ​មណ្ឌល​កំណែរទាំង១០ក្នុងរាជធានីភ្នំពេញបន្ថែមទៀត សម្រាប់ទុក​វិញ្ញាសាទាំង២៥​រាជធានី-​ខេត្ត​​​នៅពេលប្រឡងរួច ដើម្បីធានាបាននូវសុវត្ថិភាព ​។
លោក ប្រធានមន្ទីរបញ្ជាក់ថា យន្តការប្រឡងឆ្នាំនេះ គឺជាលើកទី៦ហើយ បន្ទាប់ពីមានការ​កំ​ណែរ ទម្រង់របស់ក្រសួងអប់រំ នៅតែបន្តការរឹតបណ្តឹងលើវិធានការប្រឡង ទៅលើបេក្ខជន​និង​គណកម្មការអនុរក្ស និងគ្រប់សមាសភាពទាំងអស់។ ចំពោះម៉ោងប្រឡង បេក្ខជនមិនអនុញ្ញាត​ឲ្យយករាល់សំណៅឯកសារចូលក្នុងមណ្ឌលប្រឡងបានឡើយ រួមទាំង ឧបករណ៏អេឡិចត្រូនិក ពិសេស ការលួចចម្លង លួចមើលគ្នា គឺមានបំរាមនៅក្នុងបទបញ្ជាផ្ទៃក្នុងអស់ហើយដែរ។
សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ​មានរយៈពេលពីរ​ថ្ងៃ គឺថ្ងៃទី​២០-២១ សីហា ដែលមានមណ្ឌលប្រលងចំនួន២៥មណ្ឌល ស្មើនិង៩១៣បន្ទប់ និងមានបេក្ខជន​ប្រឡងចំនួន ២២៧៧៨នាក់ ខណៈ នៅទូទាំងប្រទេស មានបេក្ខជនចំនួនជាង១១ម៉ឺននាក់៕