សាលាមធ្យមវិចិត្រសិល្បៈ ជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ទៀក លឹមជូ រូបថត លោក ចន ណារិទ្ធ៖

សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្ស​ចូល​រៀន​​ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។
យោងតាមសេចក្ដីជូនដំណឹងរបស់ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​​​​​​បានឲ្យដឹងថា សាលានឹងរៀបចំការប្រឡងពិនិត្យឧបនិស្ស័យ សិស្សានុសិស្ស​ឲ្យចូល​រៀន​តាមសាលាជំនាញ តូរ្យតន្រ្តី របាំ ល្ខោន សៀក និងសិល្បៈសូនរូប ដោយឥតបង់ថ្លៃ សម្រាប់​ឆ្នាំសិក្សា២០១៨-២០១៩។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ឯកទេស របាំបុរាណ ខោល សៀក ចម្រៀងបុរាណ តន្រ្តីបុរាណ និងតន្រ្តីសម័យ(ឧបករណ៍ខ្សែ) ចំពោះសិស្សដែលបានរៀនចប់ថ្នាក់ទី៣ ឬទីថ្នាក់៤ នៅសាលាចំណេះដឹងទូទៅ ដែលមានអាយុ៩ឆ្នាំឬ១០ឆ្នាំ។ ឯកទេស របាំប្រពៃណី សៀក តន្រ្តី​សម័យ(ឧបករណ៍ផ្លុំ) ស្រឡៃ កុងត្រីបាស ត្រុំប៉ែត ហ្លុត សាក់សូ ក្លារីណែត យីកេ និងបាក់សាក់ ចំពោះសិស្សដែលបានរៀនចប់ថ្នាក់ទី៥ ឬថ្នាក់ទី៦ នៅសាលាចំណេះដឹងទូទៅ ដែលមាន​អាយុ​១១ឆ្នាំដល់១៣ឆ្នាំ។ ឯកទេស ចម្រៀងអាយ៉ៃ ចម្រៀងជាពួក ចាប៉ីដងវែង ល្ខោននិយាយ និង​សិល្បៈ​សូនរូប ចំពោះសិស្សដែលបានរៀនចប់ថ្នាក់ទី៧ នៅសាលាចំណេះដឹងទូទៅ ដែលមានអាយុ១៣ឆ្នាំឬ១៤ឆ្នាំ។

សូមបញ្ជាក់ថា កាលបរិច្ចេទចែកពាក្យ និងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅការិយាល័យសិក្សា នៃសាលាមធ្យមវិចិត្រសិល្បៈ វិថីបណ្ឌិតម៉ុង​ឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។