ក្រសួងកសិកម្មច្រានចោលព័ត៌មានថា តម្រូវឱ្យកសិដ្ឋានដាំដំណាំហូបផ្លែទាំងអស់ចុះបញ្ជី

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលព័ត៌មានដែលលើកឡើងថា តម្រូវ​ឱ្យ​ម្ចាស់កសិដ្ឋានដាំដំណាំហូបផ្លែទាំងអស់ចុះបញ្ជីក្រោយពេលរាជរដ្ឋាភិបាលកម្ពុជានិងចិន បន្ថែម ពិធីសារពង្រីកការនាំចេញផលិតផលផ្លែចេកពីកម្ពុជាទៅកាន់ទីផ្សារចិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ពិធីសាររវាងរាជរដ្ឋាភិបាលកម្ពុជា និង​ចិន មិនមានតម្រូវឱ្យម្ចាស់កសិដ្ឋានដាំដំណាំហូបផ្លែទាំងអស់ ត្រូវមកចុះបញ្ជីនៅក្រសួងនោះទេ គឺតម្រូវឱ្យតែក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដាំដំណាំចេក ដែលមានបំណងនាំចេញ​ទៅកាន់ប្រទេស​ចិន ធ្វើការចុះបញ្ជីតែប៉ុណ្ណោះ។
លិខិតបំភ្លឺរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្សព្វផ្សាយជាសាធារណៈកាល ពី​ល្ងាចថ្ងៃទី១៣ខែសីហា បានឱ្យដឹងថា ការតម្រូវឱ្យក្រុមហ៊ុនឬម្ចាស់កសិដ្ឋានដាំដំណាំចេក ដែល​​​មានបំណងនាំចេញទៅកាន់ប្រទេសចិនចុះបញ្ជី គឺដើម្បីសមត្ថកិច្ចជំនាញការពាររុក្ខជាតិ និងភូត​គាម អនាម័យនៃប្រទេសទាំងពីរកម្ពុជា-ចិន ពិនិត្យ និងវាយតម្លៃលើលក្ខណៈបច្ចេកទេស ការ​គ្រប់​​​គ្រងការដាំដុះ ការវេចខ្ចប់ ឱ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដូចមានចែង​ក្នុង​ពិធីសារមុននឹងធ្វើការនាំចេញ។
ការបភ្លឺនេះ គឺបន្ទាប់ពីមានបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនកាលពីថ្មីៗនេះ ផ្សព្វផ្សាយ​ព័ត៌​មាន​ធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឱ្យយកសិដ្ឋានដាំដំណាំហូបផ្លែទាំងអស់ ត្រូវមកចុះបញ្ជីនៅក្រសួងសាម៉ីនេះ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ថា ការបភ្លឺនេះ នឹង​បញ្ចប់ការរិះគន់លើរាជរដ្ឋាភិបាលជុំវិញការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យប្រជាកសិករ​មាន​កង្វល់​​​​ពី ផលិតកម្មដាំដុះរបស់ខ្លួន ស្របពេលដែលកំពុងជួបប្រឈម​នឹងការលក់​ចេញមានតម្លៃ​ថោក ដោយសារខ្វះទីផ្សារក្រោយពេលផលិតបាន។ លោកចង់ឱ្យក្រសួងសាម៉ីនេះ ជួយបង្កើន​ការ​​នាំចេញផលិតផលកសិកម្មផ្សេងទៀតក្រៅពីចេកទៅទីផ្សារបរទេស ដើម្បីជួយឱ្យក​សិករ​មាន​ជីវភាពធូរធារឡើង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងរដ្ឋាភិបាលប្រទេសចិន កាលពីថ្ងៃទី២ ខែ​សីហាកន្លងទៅនេះ បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែចេកពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ ខណៈកម្ពុជាមាន មហិច្ឆតា​បង្កើន​​ការនាំចេញទៅកាន់បរទេសនូវទំនិញកសិផលដូចជា៖ ស្វាយ ចេក មៀន គូលេន ស្រកា​នាគ ម្ទេស ផ្លែដូង និងសំបុកទឹកមាត់ត្រចៀកកាំ ជាដើម៕