សន្និសីទការទូតលើកទី ៣០ ប្រារព្ធធ្វើនៅទីក្រុងហាណូយ

AKP ភ្នំពេញថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨ — ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងនៅក្នុងសន្និសីទការទូតលើកទី ៣០ ដែលបានបើកនៅទីក្រុងហាណូយ កាលពីថ្ងៃទី ១៣ ខែសីហា ថា វិស័យការទូតបានបំពេញនូវភារកិច្ចសំខាន់ៗដែលបានកំណត់ដោយសមាជជាតិបក្សលើកទី ១២ ។
នៅក្នុងពិធីបើកសន្និសីទនេះ ប្រធានផ្នែកវិស័យការទូតបានកត់សម្គាល់ថា វិស័យការទូតបានរួមចំណែកក្នុងការកៀរគរធនធានខាងក្រៅសម្រាប់កិច្ចអភិវឌ្ឍជាតិ ការការពារឯករាជ្យជាតិ អធិបតេយ្យភាពទឹកដី និងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់កិច្ចអភិវឌ្ឍតាមការចាត់តាំងរបស់មេដឹកនាំបក្សកុម្មុយនីស្តនៃប្រទេសវៀតណាមនៅឯពិធីសន្និសីទការទូតកាលពីលើកមុន។

ថ្លែងនៅក្នុងសន្និសីទនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក៏បានថ្លែងអំណរគុណចំពោះវិស័យការទូតដោយកត់សម្គាល់ថា ក្នុងរយៈពេលបីឆ្នាំកន្លងមក ជាពិសេសក្នុងឆ្នាំ 2017 វិស័យនេះមានសមិទ្ធផលសំខាន់ៗជាច្រើន និងបានក្លាយទៅជាចំណុចដ៏ភ្លឺត្រចះមួយក្នុងភាពជោគជ័យរបស់ប្រទេស។

ដោយឡែក វិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយលោកបានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៦ ប្រទេសនេះបានមើលឃើញនូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងមធ្យមភាគក្នុងដំណាក់កាលឆ្នាំ ២០១១-២០១៥ ខណៈដែលការចង្អុលបង្ហាញគ្រប់ម៉ាក្រូសេដ្ឋកិច្ចមានផលជាវិជ្ជមាន ជាពិសេសវិនិយោគបរទេស និងប្រាក់ចំណូលនៃការនាំចេញ-នាំចូល។

ការវិនិយោគផ្ទាល់ពីបរទេសសរុបនៅក្នុងឆ្នាំ ២០១៧ ឈានដល់តម្លៃ ៣៥,៨៨ប៊ីលានដុល្លារអាម៉េរិក ពោល គឺកើនឡើង ៤៤,៤ភាគរយក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១០ ឆ្នាំ ដោយក្នុងនោះ ១៧,៥ប៊ីលានដុល្លារអាម៉េរិក ត្រូវបានទូទាត់ជាកំណើន ១០,៨ភាគរយក្នុងឆ្នាំ ២០១៦ ។

ទន្ទឹមនឹងនោះ បណ្តាម្ចាស់ជំនួយក៏បានសន្យាផ្តល់ផងដែរនូវជំនួយអភិវឌ្ឍផ្លូវការចំនួនជាង ៣ប៊ីលានដុល្លារអាម៉េរិកសម្រាប់វៀតណាមដល់ឆ្នាំ ២០២០ ។ ចំនួនភ្ញៀវទេសចរបរទេសមកកាន់វៀតណាមមានចំនួន ១៣លាននាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)