ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ទៅកាន់ប្រទេសវៀតណាមរំពឹងនឹងបង្កើនទំនាក់ទំនងទ្វេភាគី

AKP ភ្នំពេញថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨ — អ្នកការទូតម្នាក់បាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ទៅកាន់ប្រទេសវៀតណាមនៅក្នុងខែកញ្ញាខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតនូវសន្ទុះថ្មីមួយសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី លោក Pham Vinh Quang បានធ្វើសេចក្តីថ្លែងការណ៍មួយនេះនៅឯកិច្ចប្រជុំមួយជាមួយប្រធានាធិបតី លោក Widodo នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ១៣ ខែសីហា បន្ទាប់ពីបានបង្ហាញសារលិខិតទុកចិត្តរបស់លោកចំពោះមេដឹកនាំឥណ្ឌូណេស៊ី។

ថ្លែងទៅកាន់ប្រធានាធិបតីអំពីកិច្ចអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្ត ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៣ និងការអនុវត្តកម្មវិធីសកម្មភាពសម្រាប់ឆ្នាំ ២០១៤-២០១៨ របស់ប្រទេសទាំងពីរ លោក Quang បានអះអាងថា មេដឹកនាំ និងប្រជាជនវៀតណាម ចង់ពង្រឹងចំណងទាក់ទងនេះ។

លោកបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាម និងឥណ្ឌូណេស៊ី មានប្រជាជនច្រើន និងមានសេដ្ឋកិច្ចខ្លាំងនៅក្នុងតំបន់ ដូច្នេះពួកគេមានសក្តានុពលយ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែខ្លាំងក្លា។
អ្នកការទូតរូបនេះបានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការរយៈពេលវែង និងមានប្រសិទ្ធភាពនៃវិនិយោគិនបរទេស រួមទាំងវិនិយោគិនមកពីប្រទេសឥណ្ឌូណេស៊ីផងដែរ។

លោក Quang បានស្នើថា ប្រធានាធិបតី និងរដ្ឋាភិបាលឥណ្ឌូណេស៊ី គួរតែបន្តលើកទឹកចិត្តក្រុមហ៊ុនឥណ្ឌូណេស៊ីឱ្យពង្រីកអាជីវកម្ម និងភាពជាដៃគូនៅក្នុងប្រទេសវៀតណាម ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ក្នុងការបំពេញនូវតម្រូវការ និងឈានដល់សក្តានុពលពេញលេញរបស់ខ្លួន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)