កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣​ផ្តល់នូវការប្រកួតប្រជែងថ្មីសម្រាប់លោក មូន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ — អ្នកវិភាគបាននិយាយនៅទីក្រុងវ៉ាស៊ីងតោនកាលពីថ្ងៃចន្ទថា កិច្ចប្រជុំកំពូលលើកទីបី​ក្នុងឆ្នាំនេះរវាងគូប្រជែងកូរ៉េទាំងពីរ​ នឹងបង្ហាញនូវការប្រឈមថ្មីៗ​ដល់ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង​លោក​មូន ចា-អ៊ិន​ ខណៈពេលដែលលោក ស្វែងរកដើម្បីបំបែកភាពទាល់ច្រកនៅក្នុង​កិច្ចចរចា​នុយក្លេអ៊ែរនានា​រវាងកូរ៉េខាងជើង និងអាមេរិក​។
លោក មូន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន នឹងធ្វើកិច្ចប្រជុំលើកទីបី​របស់​ពួកគេ នៅទីក្រុងព្យុយ៉ាងនាខែក្រោយនេះ ធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដែលបាន​អនុម័ត​នៅឯកិច្ចប្រជុំកំពូលលើកទីដំបូងរបស់ពួកគេកាលពីខែមេសាកន្លងទៅ ដោយភាគីទាំង​ពីរ​បានប្រកាសបន្ទាប់ពីកិច្ចចរចាកម្រិតកំពូលកាលពីថ្ងៃចន្ទ។

តែទោះជាយ៉ាងណាក៏ដោយ របៀបវារៈនៅមិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ​ទេ ប៉ុន្តែ​ការផ្តោតជាសំខាន់ត្រូវបានគេជឿជាក់ថា នឹងផ្តោតទៅលើការរុះរើកម្មវិធីអាវុធនុយ​ក្លេ​អ៊ែរ របស់កូរ៉េខាងជើង តាមការប្តេជ្ញាចិត្តមួយរបស់លោក គីម ដែលបានធ្វើឡើងនៅឯកិច្ចប្រជុំ​កំពូលកាលពីពេលមុននេះរបស់លោកជាមួយលោក មូន ជាពិសេសកិច្ចប្រជុំជាប្រវត្តិសាស្រ្ត​របស់​លោក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមិថុនាកន្លងទៅ។

តាមលោក Frank Aum អ្នកជំនាញជាន់ខ្ពស់ស្តីអំពីកូរ៉េខាងជើង ប្រចាំនៅវិទ្យាស្ថាន​សន្តិភាព ​អាមេរិកបានឱ្យដឹងថា លោក​ មូន ដែលជាអ្នកជំនាញសម្រាប់កិច្ចប្រជុំ គីម-ត្រាំ​ នៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ស្ថានការណ៍ដែលកាន់តែតានតឹងឡើអស់រយៈពេលជាច្រើនខែ ដោយសារការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ក្នុងគោល​បំណងផ្តោតទៅលើប្រទេសអាមេរិកនោះ ឥឡូវនេះនឹងប្រឈមទៅនឹងការសាកល្បងដែលថា គាត់នៅតែជាអ្នកអន្តរការីដ៏មានប្រសិទ្ធភាពដដែលឬយ៉ាងណានោះ?៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )