ស្ថានទូតរុស្ស៊ី៖ ចក្រភពអង់គ្លេសមិនមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយដល់ប្រទេសស៊ីរីនៅទេ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ — ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងឡុងដ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋាភិបាល អង់គ្លេស គឺមិនបានត្រៀមខ្លួនដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនានារបស់​សហគមន៍​អន្តរជាតិក្នុងការ ផ្តល់ជំនួយមនុស្សធម៌​ដល់ប្រទេសស៊ីរីនោះទេ។
សេចក្តីថ្លែងការ​បាននិយាយថា ទំនាក់ទំនងរបស់យើង ប្រចាំនៅការិយាល័យបរទេស និងសហព័ន្ធ នៃចក្រភពអង់គ្លេស( FCO )បានបង្ហាញយ៉ាងច្បាស់ថា ជាអកុសល រដ្ឋាភិបាល​អង់គ្លេស​ គឺមិនបានត្រៀមខ្លួនដើម្បីផ្លាស់ប្តូរតួនាទីរបស់ខ្លួន និង​ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង​នានាជាអន្តរជាតិ ដែលក្នុងគោលបំណងផ្តល់ជាជំនួយមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋ​ស៊ីរី​នៅឡើយទេ។ យើងនៅមិនទាន់បានឃើញជំហានជាក់ស្តែងណាមួយ​ ដែលធ្វើឡើងដោយ​ទីក្រុងឡុងដ៍ជាផ្លូវការនៅក្នុងទិសដៅទាំងនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ នៅ​ក្នុងគំនិតរបស់យើងសម្រាប់បច្ចុប្បន្ននេះ គឺជាពេលវេលាដ៏ត្រឹមត្រូវមួយ​ក្នុងការប្រឈមមុខ​ទៅ​នឹងបញ្ហាទាំងនេះ។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ពួក​អាជ្ញាធរអង់គ្លេស គួរកុំធ្វើអ្វីៗឱ្យហួសពីការព្រួយបារម្ភលើការឈឺចាប់របស់​ប្រជាពលរដ្ឋ​ស៊ីរីថែមទៀតនោះ។ មន្រ្តីព័ត៌មានរបស់ស្ថានទូតបានគូសបញ្ជាក់ថា យើងជឿជាក់ដែរថា​ មានតម្រូវការ​បន្ទាន់​ក្នុ​ងការទម្លាក់ចោលនូវការដាក់ទណ្ឌកម្មនានារបស់សហភាពអឺរ៉ុប (EU)​ទៅលើប្រទេស​ស៊ីរីផងដែរ។ វាគឺមានបន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើគ្រប់ពលរដ្ឋស៊ីរីទាំងអស់​ ដោយការពារពួកគេ ឱ្យជៀសផុតពីវិបត្តិសេដ្ឋកិច្ច ហើយផ្តោតជាសំខាន់ទៅលើកសាងជីវភាពរស់នៅ​របស់ពួកគេ​ឡើង​វិញ​។

តាមស្ថានទូតបានឱ្យដឹងថា ជនភៀសខ្លួនស៊ីរី​បន្តវិលត្រឡប់ទៅកាន់ស្រុកកំណើត​របស់​ពួក​គេ វិញ។ មនុស្សប្រមាណជាង ២៣៦.០០០នាក់ ក្នុងចំណោមពួកគេទាំងនោះ បានធ្វើមាតុនិវត្តន៍​ ចាប់តាំងពីដំណាច់ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ (ដោយរួមបញ្ចូលទាំង​មនុស្សប្រមាណ​៦៧០០នាក់ ដែលបានធ្វើឡើងចេញពីប្រទេសលីបង់ក្នុងរយៈពេលតែ​មួយ​ខែចុងក្រោយប៉ុណ្ណោះ)។ ពលរដ្ឋស៊ីរីប្រមាណ​ ១.៧លាននាក់ បានសម្តែងចេញពីឆន្ទៈរបស់​ពួកគេថា នឹងវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ​ចេញពីបណ្តាប្រទេសចំនួន៩គឺ៖ ប្រទេស​លីបង់ តួកគី អាល្លឺម៉ង់ ហ្សកដានី​ អ៊ីរ៉ាក់ អេហ្ស៊ីប ដាណឺម៉ាក ប្រេស៊ីល និងអស្ត្រាលី៕
( ប្រភព TASS បកប្រែដោយលោក មាស សំអុល )