គួកគី ថា អាមេរិកស្វែងរកធ្វើការចាក់ប្រទេសតួកគីពីក្រោយខ្នង

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីតួកគី លោក រ៉េសេប តាយីប​ អែរដូហ្គាន​( Recep Tayyip Eedogan ) បានវាយប្រហារលើ ស.រ.អា កាលពីថ្ងៃចន្ទ ដោយធ្វើការរិះគន់ថា សម្ព័ន្ធមិត្រណាតូស្វែងរក « ចាក់ប្រទេសតួកគីពីក្រោយខ្នង » តាមរយៈការប្រើប្រាស់ការដាក់ទណ្ឌកម្ម ។
នៅក្នុងការថ្លែងមួយទៅកាន់ពួកឯកអគ្គរដ្ឋទូតតួកគី ដែលប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំមួយក្នុងទីក្រុងអង់ការ៉ានោះ មេដឹកនាំតួកគីបាននិយាយថា ការវាយប្រហារលើសេដ្ឋកិច្ចទំនងជានឹងបន្តទៅមួយរយៈពេល ប៉ុន្តែប្រទេសតួកគី នឹងប្រកាន់យកនូវជំហាននានា ដើម្បីឆ្លើយតប ។

សេដ្ឋកិច្ចរបស់ប្រទេសតួកគីបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពី ស.រ.អា ទៅលើការឃុំឃាំងប៉ាស្ទ័រអាមេរិក លោក Andrew Brunson ដែលកំពុងបន្តទៅ ។ ប្រទេសតួកគីបានឃុំខ្លួនបព្វជិតនេះ ចាប់តាំងពីឆ្នាំ ២០១៦ នឹងបានចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបាន សម្រេចក្នុងឆ្នាំនោះ ។

លោក​ អែរដូហ្គាន ក៏បាននិយាយផងដែរថា ប្រទេសនេះបានស្ថិតនៅក្រោមការហ៊ុំព័ទ្ធសេដ្ឋកិច្ចមួយ ដែលគ្មានអ្វីត្រូវធ្វើជាមួយនឹងសន្ទស្សន៍សេដ្ឋកិច្ចរបស់ខ្លួននោះឡើយដោយទទូចថា ប្រទេសតួកគី នឹងជម្នះការវាយប្រហារលើសេដ្ឋកិច្ចរបស់ខ្លួននេះ ។

លោក​បាននិយាយថា សេដ្ឋកិច្ចតួកគី នឹងនៅតែខ្លាំងនឹងបានលើកឡើងថា រូបិយវត្ថុជាតិ ដែលបានបាត់បង់ប្រហែល ៤៥ ភាគរយនៃតម្លៃរបស់ខ្លួនចាប់តាំងពីដើមឆ្នាំនេះ នឹងដោះស្រាយបានឆាប់ៗក្នុងកម្រិតដែលសមហេតុសមផលបំផុត ។

ការកត់សម្គាល់របស់មេដឹកនាំតួកគីនេះ ធ្វើឡើងបន្ទាប់ពីពួកអាជ្ញាធរបានបើកការស៊ើបអង្កេតនៅក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់រយពីបទធ្វើសេចក្តីរាយការណ៍មិនពិត ស្តីពីសេដ្ឋកិច្ចរបស់ប្រទេសនោះ ។
លោក​ អែរដូហ្គាន បាននិយាយថា ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសេដ្ឋកិច្ចរបស់ប្រទេសតួកគី គឺ « ក្បត់ជាតិ » ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )