មនុស្សជិត៣៣០នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នាក្នុងទីក្រុងហ្គាស្នីរបស់អាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការពារប្រទេសអាហ្វហ្គានីស្ថានឧត្តមសេនិយ តារិក សា បារ៉ាមី ( Tariq Shah Bahrami ) បាន និយាយពីថ្ងៃចន្ទថា មនុស្សប្រហែល៣៣០នាក់ ដែលរួមមានទាំងជនស៊ីវិល៣០នាក់ផងបានស្លាប់ក្នុង អំឡុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងទីក្រុងហ្គាស្នី រដ្ឋធានីខេត្តហ្គាស្នី ចាប់តាំងពីការប៉ះទង្គិចគ្នាបានចាប់ ផ្តើមនៅក្នុងទីក្រុងដែលបានត្រៀមខ្លួនទប់ទល់ជាស្រេចកាលពីព្រឹកថ្ងៃសុក្រ ។
លោក បារ៉ាមី បានប្រាប់ពួកអ្នកយកព័ត៌មាន នៅឯសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្ត្រី មហាផ្ទៃ លោក វ៉ាអ៊ីស អាម៉ាដ បាម៉ាក់ ថា គិតមកដល់ពាក់កណ្តាលថ្ងៃចន្ទនេះ កងកម្លាំងការពារនិងសន្តិ សុខជាតិអាហ្វហ្គានីស្ថាន បានចាប់យកការត្រួតត្រាឡើងវិញស្ទើរតែគ្រប់ផ្នែកទាំងអស់ នៃទីក្រុងហ្គាស្នី ហើយពួកសកម្មប្រយុទ្ធតាលីបង់នឹងត្រូវបណ្តេញចេញពីទីក្រុងនេះក្នុងពេលឆាប់ៗ ។

លោក បារ៉ាមី បាននិយាយបន្ថែមថា សមាជិកកងកម្លាំងសន្តិសុខរដ្ឋាភិបាលរហូតដល់ ១០០នាក់ ជនស៊ីវិល៣០នាក់ និងពួកសកម្មប្រយុទ្ធតាលីបង់ជាង១៩៤នាក់ បានស្លាប់ពួកសកម្មប្រយុទ្ធតាលីបង់ ១៤៧នាក់បានរងរបួសក្នុងអំឡុងការប៉ះទង្គិចគ្នា៤ថ្ងៃ រវាងកងកម្លាំងសន្តិសុខនិងពួកសកម្មប្រយុទ្ធតាលី បង់នៅហ្គាស្នី ។

លោក បារ៉ាមី ​បានកត់សម្គាល់ថា ក្នុងពេល២៤ម៉ោងកន្លងទៅនេះ ក្រសួងការពារប្រទេសបាន ដាក់ពង្រាយកម្លាំងបន្ថែមនៅទីក្រុងហ្គាស្នី និងតំបន់ដែលនៅជិតខាងខ្លួនហើយ កងទ័ពថ្មីនឹងធ្វើឱ្យមានការ ផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងស្ថានការណ៍សន្តិសុខនៃទីក្រុងនេះ ក្នុងពេល២៤ម៉ោងខាងមុខ ។

កាលពីព្រឹកព្រលឹមថ្ងៃសុក្រពួកសកម្មប្រយុទ្ធតាលីបង់បានបើកការវាយប្រហារយ៉ាងធំមួយ លើទី ក្រុងហ្គាស្នីនៅចម្ងាយ១២៥គីឡូម៉ែត្រខាងត្បូងក្រុងកាប៊ុល ក្នុងកិច្ចប្រឹងប្រែងដែលមានការសម្របសម្រួល គ្នាមួយ ដើម្បីយកទីក្រុងនេះវិញ ។

រដ្ឋមន្ត្រីមហាផ្ទៃ លោក វ៉ាអ៊ីល អាម៉ាដ បាម៉ាក់ បាននិយាយថា ប៉ូលិសនិងយោធាអាហ្វហ្គានីស្ថាន នឹងធ្វើឱ្យទីក្រុងហ្គាស្នីលែងមានពួកតាលីបង់ក្នុងពេលឆាប់ៗនេះ ហើយប្រក្រតីភាពនិងសន្តិភាពនឹងមាន ឡើងវិញនៅក្នុងទីក្រុងនេះ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)