សម្ដេចតេជោ៖ ការប្រកាសលទ្ធផលផ្លូវការអំពីការបែងចែកអាសនៈនៃការ បោះឆ្នោតនឹងធ្វើនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសា​ស​ន៍​ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ..ប) នឹងប្រកាសលទ្ធផលផ្លូវការ អំពី​ការ​បែង​ចែកអាសនៈ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី ៦ នៅរសៀល​ថ្ងៃទី​ ១៥ ខែសីហា ឆ្នាំ២០១៨។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនា​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេ​ជោ​​​បាន​សរសេរថា បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែក គឺថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨ គឺជាថ្ងៃ ប្រកាសលទ្ធផលផ្លូវការអំពីការបែងចែកអាសនៈ នៃការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រា​ប់នីតិកាលទី៦ (២០១៨-២០២៣)។ សម្ដេចតេជោបាន បន្ដថា នៅថ្ងៃស្អែកនេះដែរ សម្ដេចក៏នឹងចុះជួបសួរសុខទុក្ខព្រមទាំ​ង​ដោះស្រាយបញ្ហាប្រឈម នានាមួយចំនួនដល់កូនក្មួយកម្មករនៅខណ្ឌឬស្សីកែវ រាជធានីភ្នំ​ពេ​ញ ផងដែរ។

សម្ដេចតេជោក៏បានអរគុណណាស់ដែលក្មួយៗបានបោះឆ្នោតគាំទ្រឱ្យគណបក្ស ប្រជាជន​លេខ​២០ កន្លងមកនេះ។ សម្ដេចតេជោបានបន្តថា ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជា​បា​ន​បង្ហា​ញឱ្យ​ពិភពលោកបានឃើញច្បាស់ថា ប្រជាពល​រដ្ឋ (៨៣,០២%) បានទៅ បោះឆ្នោតដើម្បី កំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាច យល់ច្បាស់អំពីអ្វីដែល​ខ្លួន​​ចង់បាន ជាពិសេស និរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរ អង្វែង៕

ដោយ ជឹម ណារី