អាជ្ញាធរខេត្ដព្រះសីហនុ ប្រជុំវាយតម្លៃហេតុផលបរិស្ថាន លើគម្រោងបង្កើតរោងចក្រកែច្នៃ និងកម្ទេចសំណល់គ្រោះថ្នាក់ នៅស្រុកស្ទឹងហាវ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ –លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំវាយតម្លៃហេតុផល បរិស្ថាន និងសង្គមពេញលេញលើគម្រោងបង្កើតរោងចក្រកែច្នៃ និងកម្ទេចសំណល់គ្រោះថ្នាក់ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ ២កើត ខែស្រាពណ៍ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ

លោក សុំ ពិសិដ្ឋ តំណាងក្រុមហ៊ុន មី នើ វ៉ា អ៊ិនវឹសម៉ិន MI NER  VA INVESTMENT CO,LTD ខូអិលធិឌី បានលើកឡើងថា ក្រុមហ៊ុនមានគម្រោង សាងសង់រោងចក្រកែច្នៃ និងកម្ទេចសំណល់គ្រោះថ្នាក់ នៅស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ លើផ្ទៃដីទំហំ ៣០ហិតា នៅទីតាំងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយគ្រោងចំណាយទុន ៣០០លានដុល្លារអាម៉េរិក និងមានលទ្ធភាពផ្តល់ការងារជូនពលរដ្ឋចំនួន ៥០០នាក់ ទន្ទឹមនេះ អ្នកបច្ចេកទេសជនជាតិចិនចំនួន ២០នាក់ ប្រសិនបើគម្រោងនេះដំណើការរលូន ក្រុមហ៊ុនចាប់ដំណើរការសាងសង់នៅចុងឆ្នាំ២០១៨ ចំណាយពេលសាងសង់រយ:ពេល ២ឆ្នាំ និងចាប់ផ្តើមដំណើរការសាកល្បងជំហានដំបូងនៅឆ្នាំ២០២១ខាងមុខ លោកបានបន្ដថា ចំពោះប្រភពសំណល់ដែលយកមកប្រើប្រាស់ គឺក្រុមហ៊ុនជាអ្នកប្រមូលមកពីខេត្តនានាក្នុង ប្រទេសកម្ពុជា ដោយមិនមានការនាំចូលសំណល់ពីប្រទេសក្រៅ

លោកបានបន្ដទៀតថា ដំណាក់កាលដំបូងតាមការប៉ាន់ប្រមាណក្រុមហ៊ុនអាចប្រមូល សំណល់បានចំនួន១៦៤តោន ក្នុងមួយឆ្នាំមកពីបណ្តាខេត្តនានាទូទាំងប្រទេស ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានស្នើឱ្យក្រុមហ៊ុន និងមន្ត្រី ជំនាញសហការគ្នា ចុះសិក្សាស្រាវជ្រាវ វាយតម្លៃស៊ីជម្រៅនូវចំណុចមួយចំនួនដែលបង្កឱ្យប៉ះពាល់បរិស្ថាន អនាម័យពិសេសសុខមាលភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរ  លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តគាំទ្រចំពោះគម្រោងបង្កើត រោងចក្រកែច្នៃ និងកម្ទេចសំណល់គ្រោះថ្នាក់ នៅស្រុកស្ទឹងហាវនិងបានឱ្យក្រុមហ៊ុន កំណត់ឱ្យបានច្បាស់ នូវប្រភពថាមពលដែលក្រុមហ៊ុនត្រូវប្រើប្រាស់ ថាតើ ត្រូវ ដុតអុស ប្រេង ឬប្រើថាមពលអគ្គិសនី ក្នុងការបំបែកកែច្នៃសំណល់ទាំងនោះ ឱ្យច្បាស់អំពីដំណើរការនៃអាងប្រព្រឹត្តិកម្ម ដោយសិក្សាអំពីលក្ខណ:បច្ចេកទេស និងផលប៉ះពាល់បរិស្ថានអោយបានស៊ីជំរៅ ចៀសវាងការបង្កផលប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ និងជីវៈចម្រុះនានា នៅក្នុង មូលដ្ឋានទាំងមូល 

ដោយ ងូ សុមុនី