អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តជំរុញការប្រើប្រាស់កម្លាំងសរុបចុះជួយច្រូតស្រូវ​កសិករស្រុកមង្គលបូរីដែលលិចលង់ដោយទឹកជំនន់

AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ –អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​​​​នៅតែបន្តជំរុញការប្រើប្រាស់កម្លាំងសរុប​អន្តរាគមន៍​ក្នុង​ការចុះ ជួយច្រូតស្រូវកសិករក្នុងស្រុកមង្គលបូរីដែលកំពុងតែលិចលង់ដោយទឹកជំនន់ ដើម្បីឆ្លើយ​​តបទៅនឹងទំហំ​រង​ផលប៉ះពាល់ និង​រង​ការខូចខាត​របស់​ស្រូវ​ទុំ​ក្នុង​ស្រែក៏ដូចជា​សំណូមពរ​បងប្អូន​ប្រជាកសិករនៅក្នុងតំបន់​រងគ្រោះ​នោះ។ ​

ឯកឧត្តម សួន បវរ ​​ខេត្តបន្ទាយមានជ័យ ​បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃ​​ចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះថា ​​ កម្លាំងចម្រុះ​មាន​នគរបាល​ កងរាជអាវុធហត្ថ កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​​ ​​ខេត្តបន្ទាយ មានជ័យ កងទ័ព​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​អន្តរាគមន៍​ចុះជួយ​ច្រូត​​​កាត់​ស្រូវ​របស់​កសិករ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ឃុំ​នានា​ក្នុងស្រុក​មង្គល​បូរី តាំងពី​ថ្ងៃទី​៧​ខែសីហា​មក​។

ឯកឧត្តមបានបន្ដ ចាប់ពី​ថ្ងៃទី​១១ ដល់១៣​​​ខែសីហានេះ ក៏មានកម្លាំងបន្ថែម​ពី​កងអង្គ​ភាព​ដូចខាងលើ​បាន​បង្កើន​ចំនួន​ទ្វេ​ដង​ស្មើ​ជិត​២.០០០​នាក់ បូក​នឹង​កម្លាំង​អន្តរាគមន៍​ថ្មី​មកពី​ក្នុង និង​ក្រៅ​ខេត្ត​ជិត​១.០០០​នាក់​ទៀត ក៏បាន​ចុះទៅ​ជួយ​ច្រូតស្រូវ​ជូន​បងប្អូន​ប្រជាកសិករ​។ កម្លាំង​ទាំងនោះ មកពី​កងពលតូច​ថ្មើរជើង​លេខ​៥២, កម្លាំង​ទ័ព​ស្រាវជ្រាវ​ចារកិច្ច​, កម្លាំង​ទ័ព​បញ្ជាការដ្ឋាន​កងរថក្រោះ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៥ ជាដើម​។ ចំណែក​កម្លាំង​ពលកម្ម​របស់​មន្ត្រីរាជកា​រ យុវជន​ក៏មាន​ចុះជួយផង​ដែរ​។​

​ឯកឧត្តម​អភិបាលខេត្ដបន្តថា ការឈាន​ដល់​ប្រើ​កម្លាំង​សរុប​ដ៏​ច្រើន​បែបនេះ មកពី​ឃើញថា លទ្ធផល​ច្រូតកាត់​សង្គ្រោះ​ស្រូវ​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​លទ្ធផល​ និង​មាន​ប្រសិទ្ធភាព​អាច​ទទួលយកបាន​។ ជាងនេះទៅទៀត សកម្មភាព​នេះ​ពិតជា​ចំ​គោលបំណង​ដែល​ប្រជា កសិករ​ដង្ហោយហៅ​ផង ​និង​ស្របតាម​ការណែនាំ​របស់​ឯកឧត្ដម ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ​ផង​។

ឯកឧត្តមបានបន្ដទៀតថា ដោយមើលឃើញផ្ទៃដី​ស្រូវ​ទុំ​របស់​កសិករ​នៅមាន​ច្រើន​ទៀត គ្រាន់តែ​រង​ផលប៉ះពាល់ ​និង​មិនទាន់​ខូចខាត ហើយ​អាច​នៅ​សង្គ្រោះបាន​។ ទន្ទឹម នេះ រដ្ឋបាលខេត្ត​បានផ្តល់​នូវ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​ ដល់​កងកម្លាំង​កងទ័ព កង​នគរបាល កងរាជអាវុធហត្ថ ដើម្បី​ជួយ​លើក​កម្លាំងចិត្ត​​​ដល់​ការងារ​អន្តរាគមន៍ ដែល​លំបាក​នៅក្នុង​ទឹក កណ្តាលថ្ងៃ​ក្តៅ និង​អូស​ស្រូវ​តាម​ក្បួន​ប្លា​ស្ទិ​ក ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយៗ​។​

​​បើ​យោងតាម​តួលេខ​ដែល​កងកម្លាំង​ចម្រុះ​ចុះ​ជួយ​ច្រូតស្រូវ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ឃុំ​នានា ក្នុងស្រុក​មង្គល​បូរី​ថាមកដល់ថ្ងៃទី១៣ ខែសីហានេះសម្រេច បាន​ជិត​១.០០០​ហិកតា​។ ​

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​ម​ន្ទី​រ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ​​​បានឱ្យដឹងថា គិត មកដល់ថ្ងៃទី១៣ខែសីហានេះស្រូវស្រាលដើមរដូវរបស់ប្រជាកសិករក្នុងស្រុកមង្គលបូរី ​ទទួល រងដោយជំនន់ទឹកភ្លៀងជន់លិចនោះមានប្រមាណជិត១.០០០ហិកតា ដែលបានរងការ​​ខូត​​ខាតលើស្រែស្រូវជិត៣.០០០ហិកតាដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕

ដោយ ឈុន សារ៉ាត