អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងខេត្ត

AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ –អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធក្នុង ខេត្តកំពង់ឆ្នាំង បានចូលរួមធ្វើអនាម័យ សម្អាត បរិស្ថានតាមមន្ទីរ​​ អង្គភាពនានា និងនៅតាមផ្លូវសាធារណៈ ក្នុងខេត្ដ ដើម្បីបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ចូលរួម ថែរក្សា ការពារបរិស្ថានក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត និងសេវា កម្មល្អ។ ការសម្អាតបរិស្ថាននេះ បានដឹកនាំដោយលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត កាលពីថ្ងៃចន្ទ ២កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨

លោក ឌឹម ឌន បានបញ្ជាក់ថា ការធ្វើអនាម័យសម្អាតបរិស្ថានទាំងអស់គ្នានៅទូទាំង ខេត្តនេះដោយធ្វើការបែងចែកទទួលខុសត្រូវផ្លូវមួយចំនួនតាមការកំណត់របស់អាជ្ញាធរហើយ ការងារនេះ នឹងចូលរួមធ្វើជាប្រចាំទាំងអស់គ្នា ព្រោះអនាម័យនេះ វាមានសារៈសំខាន់ ណាស់សម្រាប់សុខភាព ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុក ក្នុងខេត្ត ពិសេសសម្រាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តទស្សនាតាមដងផ្លូវ អមមាត់ច្រាំង ទន្លេ និងសម្រាប់ខេត្តទាំងមូលផងដែរ។លោកបានបន្តថា ការបោះចោលសំរាមគ្មានសណ្ដាប់ ធ្នាប់របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ក៏ដូចជានៅមុខលំនៅឋាននានា គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាសោភណភាពទីក្រុង។

លោកប្រធានមន្ទីរក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ គ្រប់សមាសភាពពាក់ព័ន្ធនានា ត្រូវបែងចែកការទទួលខុសត្រូវតាមដងផ្លូវដែលបានបែងចែករបស់មន្ទីរបរិស្ថាន ព្រោះសំរាម កើតចេញដោយសារតែប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងកាកសំណល់រឹង រាវ ហើយ​ប្រជាពលរដ្ឋ ត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនដោយធ្វើអនាម័យសម្អាតបរិស្ថានតាមមុខផ្ទះ ដោយធ្វើ ការវេចខ្ចប់ សំរាមដាក់ស្បោងប្លាសស្ទិក ឱ្យត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនមកប្រមូលសំរាម។

ជាមួយគ្នានេះដែរ អាជ្ញាធរស្រុក ខេត្ត នឹងដាក់ចេញនូវវិធានការបន្តបន្ទាប់ ដើម្បីឱ្យប្រជា ពលរដ្ឋ សិស្សានុសិស្សចូលរួមធ្វើអនាម័យក្នុងស្រុកខេត្តទាំងអស់គ្នា។

លោកបានបន្ថែមទៀតថា បញ្ហាសំរាម យើងត្រូវធ្វើការអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យពួកគាត់ ចូលរួមទាំងអស់គ្នា ដោយអប់រំពួកគាត់ នៅពេលដែលគាត់យកសំរាមបោះចោល នៅតាម ដងផ្លូវសាធារណៈ និងមាន វិធានការ គឺធ្វើការផាកពិន័យ។ ទន្ទឹមនេះ ខាងមន្ទីរបរិស្ថានខេត្ដ មានច្បាប់ផាកវិន័យចំពោះជនណា បោះចោលសំរាមនៅលើដងផ្លូវសាធារណៈ ក៏ប៉ុន្តែ វិធានការផាកវិន័យ គឺមិនសូវទទួលបានលទ្ធផលជោគជ័យនោះទេ សំខាន់ការអប់រំផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋចូលរួមសហការ ទើបទទួលបានជោគជ័យ ដើម្បីឱ្យទីក្រុងទេសចរណ៍ របស់ យើងមាន អនាម័យល្អនិងមានខ្យល់អាកាសបរិសុទ្ធ។

លោកបានបន្តទៀតថា តាមរយៈយុទ្ធនាការ សម្អាតបរិស្ថាន ជុំវិញផ្ទះ ​និង សម្រេច បាន​នូវយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំខាងមុខជាក់ជាមិនខាន។ លោកក៏បាន សំណូមពរដល់ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ត្រូវប្រើ ប្រាស់មុងជ្រលក់ថ្នាំឱ្យបាន ត្រឹមត្រូវគឺសម្រាកក្នុងមុងជានិច្ចត្រូវចេះថែទាំសុខភាពពិសេសការធ្វើរោគវិនិច្ឆ័យ និងការព្យា បាលប្រសិនបើសង្ស័យថាមានជំងឺគ្រុនចាញ់ និងត្រូវលេបថ្នាំព្យាបាលគ្រុនចាញ់៕

ដោយ បៃ ស៊ីថុន