អភិបាលខេត្ដកំពង់ធំ ដឹកនាំកិច្ចប្រជុំរៀបចំសុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨

AKP កំពង់ធំ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ –ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវ រៀប ចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ ធ្វើឱ្យបានល្អប្រសើជាងឆ្នាំមុនៗ ទៀត។ ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំពិភាក្សាការងារប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា កាលពីថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ត្រូវនិងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំនេះ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ សហការគ្នា ធ្វើយ៉ាងណាឱ្យការប្រឡងនៅថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ទទួលបានលទ្ធ ផលជោគជ័យ។

គួររំលឹកផងដែរថា ខេត្តកំពង់ធំ មានមណ្ឌលប្រឡងសរុបចំនួន១០មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន៤មណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ដែលមានទីតាំងស្ថិតនៅ ក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។

ឯកឧត្តមអភិបាលបន្ថែមទៀតថា ចំពោះបញ្ហាស្នាក់នៅ របស់បេក្ខជនក្រីក្រ ដែល មិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅ អាជ្ញាធរ ក្រុង ស្រុកនីមួយៗ ត្រូវរៀបចំក្រុមការងារ ជួយសម្របសម្រួលកន្លែងស្នាក់នៅជូនពួកគាត់ ដែលយើងអាចសហការជាមួយមន្ទីរធម្មការ និងសាសនា រៀបចំវត្តនៅជិតៗមណ្ឌលប្រឡងជូនពួកគាត់។

ឯកឧត្តម ក៏បានរៀបចំឱ្យមានកន្លែងផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃជូនបេក្ខជនប្រឡង និងអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំឱ្យដំឡើងថ្លៃនៅថ្ងៃប្រឡង ដើម្បីសម្រួលដល់ជីវភាពបេក្ខជនមួយកម្រិតផងដែរ។

ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរ ក្រុង ស្រុក ដែលមានមណ្ឌលប្រឡងធ្វើការអំពាវនាវ ដល់អ្នកប្រកបអាជីវកម្មថតចម្លង ផ្អាកការថតចម្លងរយៈពេល៣ថ្ងៃ គឺថ្ងៃ ១៩- ២០ និង២១ ខែសីហា ឆ្នាំ២០១៨។ ជាចុងក្រោយ ឯកឧត្តម ផ្តាំផ្ញើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អនុវត្តន៍ ឱ្យបាននូវស្មារតីអង្គប្រជុំមិនមែនអនុវត្តន៍តែនៅលើក្រដាសទេ គឺត្រូវអនុវត្តន៍សកម្មភាពផ្ទាល់ ដើម្បីឱ្យការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវលទ្ធ ផលខ្ពស់៕

ដោយ​ ស៊ុម​  វណ្ណា