អាជ្ញាធរខណ្ឌខណ្ឌដូនពេញប្រជុំពង្រឹងការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែសីហាឆ្នាំ២០១៨ អាជ្ញាធរខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការរដ្ឋបាលរបស់រដ្ឋបាលខណ្ឌដូនពេញ ស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត ជួន រក្សា តំណាងឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធាក្រុមប្រឹក្សាខណ្ឌដូនពេញ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ ឱ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាពិសេសជម្រុញការចាត់ចែងអនុវត្តការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធផល។