ក្រសួងអប់រំ ក្រើនរម្លឹកដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាព ឱ្យបានល្អដើម្បីត្រៀមខ្លួន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨–ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរម្លឹកដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាព ឱ្យបានល្អដើម្បីត្រៀមខ្លួនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានគ្រប់ៗគ្នា ស្របពេលដែលការប្រឡងនឹងប្រព្រឹត្ដទៅនាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ខាងមុខ។

ឯកឧត្តម រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ឱ្យដឹងនៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ ២០១៨នេះ ឬបាក់ឌុប ត្រូវទទួលទានម្ហូបអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ ព្រមទាំងប្រុង ប្រយ័ត្នពេលធ្វើដំណើរ។ ឯកឧត្តមបានណែនាំដល់បេក្ខជនទាំងអស់ត្រូវរម្លឹកមេរៀន និងធ្វើ លំហាត់គន្លឹះសំខាន់ៗ លំហាត់គំរូ រូបមន្តនានាឡើងវិញឱ្យបានស្ទាត់និងប្រើពេលបានលឿន។

ឯកឧត្តមបានជំរុញដល់បេក្ខជនទាំងអស់ ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុន ដំណើរការនៃការប្រឡង ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ត្រូវយកមកនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ខ្លួន និងមានចុះហត្ថលេខានាយកសាលា ត្រឹមត្រូវច្បាស់លាស់ និងបេក្ខជន ស្វ័យរិន ក៏ត្រូវយកមកនូវសាលាកបត្រឯកត្តជនដែលមានចុះហត្ថលេខារបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត។

ឯកឧត្តមក៏បានអំពាវនាវឱ្យបេក្ខជនប្រលងមិនត្រូវយកសំណៅឯកសារផ្សេងៗ ឬឧប ករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ រួមមាន ទូរស័ព្ទដៃ នាឡិកាដៃអេឡិចត្រូនិក ម៉ាស៊ីនគិតលេខ និងកាម៉ារ៉ាចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ទន្ទឹមនេះ ក្នុងករណីរកឃើញ ថា មានបេក្ខជនណាម្នាក់ប្រព្រឹត្តសកម្មភាពផ្ទុយពីបទបញ្ញត្តិនេះ នឹងត្រូវឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាធ្លាប់បានមានប្រសាសន៍ថា ប្រឡងបាក់ឌុបនៅឆ្នាំនេះ ក្រសួងនៅតែរឹត បន្តឹងការប្រឡងដូចឆ្នាំមុនៗដែរគឺបេក្ខជនចេះប្រឡងជាប់ បេក្ខជនមិនចេះប្រឡងធ្លាក់។ ឯកឧត្ដមបានបន្ថែមថា ក្រសួងក៏បានកែសម្រួលបន្ថែមទៅលើបទបញ្ញតិ្ដមួយចំនួន ដើម្បីឱ្យ ការប្រឡងមានសុក្រឹត្យភាព យុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា ដូចជាក្នុងករណី បេក្ខជនយកអាវុធជាតិផ្ទុះចូលមណ្ឌលប្រឡង ឬឱ្យអ្នកដទៃប្រឡងជំនួសខ្លួនត្រូវធ្លាក់ ដោយ ស្វ័យប្រវត្តិនិងហាមមិនឱ្យប្រឡងពីរឆ្នាំ។ ចំណែកអ្នកប្រឡងជំនួសគេ ត្រូវប្រឈមនឹងតុលា ការក្នុងបទក្លែងឯកសារសាធារណៈ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ខាងមុខ ដោយមានបេក្ខជន ចូលរួម ប្រឡងចំនួន១១៧.០៦១នាក់ កើនឡើងជាងឆ្នាំមុន១៣.៩៤៩នាក់ និងមាន១៩៥មណ្ឌល ចែកជា៤.៧១៦បន្ទប់នៅតាមរាជធានី ខេត្តទូទាំងប្រទេស៕

ដោយ អ៊ុន រិទ្ធី