ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី «ព័ត៌មានទីផ្សារ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨–ដើម្បីពង្រឹងសមត្ថភាពមន្ត្រី សំដៅឆ្លើយតបនឹងគោលដៅសសរស្តម្ភទី៣ នៃអភិក្រម គ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ដែលជាយន្តការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាតិ វិទ្យា ស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានសហការ ជាមួយអង្គការ Friedrich Naumann Foundation for Freedom ប្រទេសអាល្លឺម៉ង់រៀបចំវគ្គ បណ្តុះបណ្តាលស្តីពី «ព័ត៌មានទីផ្សារ» ដែលជាប្រធានបទសំខាន់សម្រាប់ជំរុញការអភិវឌ្ឍ វិស័យឯកជននៅក្នុងប្រទេសកម្ពុជា។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសិក្ខាកាមមកពីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងនាយកដ្ឋានចំណុះក្រោមក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា បានលើកឡើងពីការអនុវត្តកម្មវិធីកំណែ ទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
ឯកឧត្តមបានបន្តថា ក្រៅពីការធ្វើពិពិធកម្មទីផ្សារថ្មីៗ ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើកិច្ច អន្តរាគមន៍មួយចំនួន ដើម្បីរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ ជាពិសេសមុខទំនិញ ដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដូចជា ស្រូវ អង្ករ ប្រេងឥន្ធនៈ អគ្គិសនី និងទឹកស្អាតជាដើម។

ឯកឧត្តម សំហេង បូរ៉ា បានគូសបញ្ជាក់ «ក្រសួងបានចងក្រងជាសមាគមម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំឡូងមី ក្រូចថ្លុងកោះទ្រង់ និងជលផលសមុទ្រ ហើយបច្ចុប្បន្ន ក្រសួងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើការចរចាជាមួយភាគីចិនអំពីអនាម័យ និងភូត្តគាមអនាម័យ (SPS) ដើម្បីសម្រួលដល់ការនាំចេញរបស់អាជីវករ និងពាណិជ្ជករកម្ពុជាថែមទៀត» ។

លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម (TTRI) បានលើកឡើងពីលទ្ធផលការងាររបស់វិទ្យាស្ថាន ជាពិសេស ការបណ្តុះបណ្តាលមន្ត្រីរាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ ពាណិជ្ជកម្មជាតិ ហើយប្រធានបទលើកនេះ គឺដើម្បីផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនសិក្ខាកាម ទាក់ទិនការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារអន្តរជាតិ ITC International Market Analysis Tools ដើម្បីកំណត់និន្នាការទីផ្សារ លក្ខខណ្ឌច្រកចូលទីផ្សារព្រមទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះមានចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨៕

ដោយ សាយ សុន