ចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨–គណៈកម្មការបាល់ទាត់ជាតិកម្ពុជានៃសហព័ន្ធកីឡាបាល់ ទាត់កម្ពុជាបានរៀបចំចាប់ឆ្នោត ដល់៤ក្រុមខ្លាំងៗ ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិរបស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំនេះត្រូវប្រកួតតែ១ជើងប៉ុណ្ណោះ ដើម្បីកំណត់រកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើនាថ្ងៃទី០៦ ខែតុលាខាងមុខ។

ប៉ុន្ដែ ចំពោះក្រុមចាញ់ក៏មិនតម្រូវឱ្យឆ្លងកាត់ការប្រកួតដណ្ដើម លេខ៣ដែរ គឺក្រុមទាំងនោះ នឹងទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួនតែម្ដង។

ជាលទ្ធផលនៃការចាប់ឆ្នោតជ្រើសរើសគូប្រកួតនេះ គឺក្រុមណាហ្គាវើលត្រូវជួបក្រុមក្រសួង ការពារជាតិ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវជួបក្រុមអង្គរថាយហ្គឺរ។ ចំពោះការ ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងថ្ងៃខុសគ្នា ពោលគឺក្រុមណាហ្គាវើលត្រូវជួប ក្រុមក្រសួងការពារជាតិ នៅថ្ងៃទី០១ ខែកញ្ញា បន្ទាប់មក ទើបក្រុមអគ្គស្នងការដ្ឋាន នគរបាល ជាតិជួបក្រុមអង្គរថាយហ្គឺរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើទីលាន ពហុកីឡដ្ឋាន ជាតិដូចគ្នា ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ ដែរ៕


ដោយ ហេង ណាលីន