អត្តពលិកវ៉ូវីណាមមកដល់មាតុប្រទេសវិញ បន្ទាប់ពីឈ្នះមេដាយ២៩គ្រឿងពីជើង ឯកអាស៊ីអាគ្នេយ៍ នៅប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨–ប្រតិភូកីឡាករ កីឡាការិនីវ៉ូវីណាមកម្ពុជាបានវិលត្រឡប់ មកមាតុប្រទេសរបស់ខ្លួនវិញហើយ កាលពីព្រឹកថ្ងៃចន្ទទី១៣ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានជោគ ជ័យដ៏ធំធេង​ពីព្រឹត្តិការណ៍ជើងឯកវ៉ូវីណាមអាស៊ីអាគ្នេយ៍ លើកទី៥ នៅសហភាពមីយ៉ាន់ម៉ា ឆ្នាំ២០១៨ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ​ហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាម​កម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងការប្រកួតអន្តរជាតិកម្រិតអាស៊ាននេះ គឺអត្តពលិកកម្ពុជា ឈ្នះមេដាយសរុបចំនួន២៩ គ្រឿង ក្នុងនោះមេដាយមាស៦ មេដាយប្រាក់៨គ្រឿង និង មេដាយសំរឹទ្ធិ១៥គ្រឿង។

ក្នុងចំណោម៨ប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺម្ចាស់ ក្បាច់គុនដើម វៀតណាម ឈរនៅចំណាត់ថ្នាក់លេខ១, ម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ឈរនៅចំណាត់ ថ្នាក់លេខ២ និងកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣។

អនុប្រធានសហព័ន្ធរូបនេះបញ្ជាក់ទៀតថា នេះគឺជាជោគជ័យដ៏ធំធេងរបស់វ៉ូវីណាមកម្ពុជា ដែលយើងបានប្រកួតលើ៣០វិញ្ញាសា ដោយកម្ពុជាឈ្នះមេដាយស្ទើរគ្រប់វិញ្ញាសាទាំងអស់ ដែលនេះជាជំហានថ្មីមួយទៀត សម្រាប់ការត្រៀមខ្លួនកាន់តែរឹងមាំ ក្នុងដំណើរទៅធ្វើ ជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

លោកបានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឱ្យសហព័ន្ធបានបញ្ជូនអត្តពលិករបស់ ខ្លួនចូលរួមក្នុងព្រឹត្តិ ការណ៍អន្តរជាតិមួយនេះ។

លោកបានបន្ថែមទៀតថា សម្រាប់ប្រាក់រង្វាន់ដែលធ្លាប់ទទួលបាន និងគ្រោងនឹងទទួលបាន ពីរាជរដ្ឋាភិបាល សហព័ន្ធមិនដែលបានកាត់ពីអត្តពលិករបស់ខ្លួនឡើយ ដើម្បីសម្រួល គោលដៅអភិវឌ្ឍ និងលើកទឹកចិត្តដល់ ថ្នាលយុវជន ក៏ដូចជាអត្តពលិកឈុតធំឱ្យខិតខំ ដើម្បីមុខមាត់ និងកិត្តិយសជាតិកម្ពុជាលើឆាកអន្តរជាតិ៕


ដោយ ហេង ណាលីន