អង្គភាពប្រឆាំងអំពើពុករលួយត្រៀមអ្នកសង្កេតការណ៍ជាង៥ពាន់នាក់នៅគ្រប់មណ្ឌលប្រលងបាក់ឌុបនៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

អង្គភាពប្រឆាំងអំពើពុករលួយត្រៀមដាក់អ្នកសង្កេតការណ៍ជាង៥០០០នាក់នៅគ្រប់មណ្ឌលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬប្រលងបាក់ឌុប ទាំងអស់នៅទូទាំងប្រទេស ដើម្បីធានាអោយដំណើរការប្រលងបានប្រព្រឹត្តិទៅដោយតម្លាភាព យុត្តិធម៌ គឺអ្នកចេះគឺជាប់។

ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអ្នកសង្កេតការណ៍មកពីគ្រប់រាជធានីខេត្តនៅរសៀលថ្ងៃទី១៣ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអោយដឹងថា ចំនួនអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំ២០១៧ រហូតដល់ជាង៥៧០នាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា អ្នកសង្កេតកាណ៍ទាំងអស់នេះមានតួនាទីជួយឃ្លាំមើលភាពមិនប្រក្រីមួយចំនួននៅក្នុងពេលប្រលង ដូចជា ការប្រព្រឹត្តិអំពើពុករលួយសូកប៉ាន់ជាថ្នូរនិងការលួចចម្លង ការលួចបន្លំសំណៅឯកសារ និងទប់ស្កាត់រូបភាពអំពើពុករលួយផ្សេងទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍នេះមិនត្រឹមតែធ្វើអោយដំណើរការប្រលងប្រព្រឹត្តិទៅដោយរលូន មានតម្លាភាព និងគណនេយ្យភាពប៉ុណ្ណោះទេ ថែមទៀតធ្វើអោយសិស្សានុសិស្សខិតខំរៀនសូត្រមិនពឹងផ្អែកលើការលួចចម្លង។បន្ថែមពីនេះទៀតលោកគ្រូអ្នកគ្រូនិងបេក្ខជនប្រលងធានាបានកិក្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងពេលប្រលង។

ឯកឧត្តមបញ្ជាក់ថា នេះគឺជាឆ្នាំទី៥ហើយនៃការធ្វើកំណែទម្រងគុណភាពនៃការប្រលងបាក់ឌុប ហើយមានការចូលរួមពីអ្នកសង្កេតកាណ៍ របស់អង្គភាពប្រឆាំង អំពើពុករលួយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ព្រោះបេក្ខជនដែលជាប់គឺសុទ្ធតែមានសមត្ថភាព។