ការទទួលបណ្តឹងជំទាស់លទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់គណបក្សបញ្ចប់នៅត្រឹមព្រឹកស្អែក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រកាសថា ការទទួលបណ្តឹងជំទាស់លទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់គណបក្សនយោបាយ ត្រូវបញ្ចប់ត្រឹមព្រឹកស្អែកនេះ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា នៅត្រឹមម៉ោង៦:៥៩ នាទីព្រឹកថ្ងៃទី១៤ ខែសីហា គឺជាពេលវេលាចុងក្រោយនៃការទទួលបណ្តឹងជំទាស់នឹងលទ្ធផលបោះឆ្នោតជាបណ្តោះអាសន្ន ដែលគ.ជ.ប បានចេញផ្សាយជាសាធារណៈ កាលពីម៉ង៧ព្រឹកថ្ងៃទី១១ ខែសីហា។ ឯកឧត្តម ប្រកាសថា គ្រប់គណបក្សនយោបាយដែលឈរឈ្មោះនៅក្នុងការបោះឆ្នោត នីតិកាល ទី៦ ឆ្នាំ២០១៨ អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោតទៅគ.ជ.ប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែសីហានេះ ឯកឧត្តម បានឱ្យដឹងថា គ្រប់គណបក្សនយោបាយដែលប្តឹងជំទាស់នឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននេះ ត្រូវមានចំណុចគ្រប់ជ្រុងជ្រោយ ដោយភ្ជាប់ជាមួយនឹងទម្រង់បណ្តឹងទទួលស្គាល់នៅតាមការិយាល័យរាប់សន្លឹកឆ្នោត គឺគ.ជ.ប នឹងធ្វើការពិនិត្យឡើងវិញ ប៉ុន្តែបើសិនជាបណ្តឹងជំទាស់ពុំមានឯកសារតវ៉ាពីការិយាល័យរាប់សន្លឹកឆ្នោត នោះទេ គឺគ.ជ.ប មិនទទួលការពិនិត្យឡើងវិញទេ។ ឯកឧត្តមបន្តថា ប្រសិនបើគ្មានការប្តឹងតវ៉ា ឬបណ្តឹងជំទាស់របស់គណបក្សនយោបាយគ្មានប្រសិទ្ធភាពនោះទេ គឺគ.ជ.ប នឹងប្រកាសជាលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃទី១៥ ខែសីហា តាមការកំណត់ ដើម្បីចែកអាសនៈក្នុងរដ្ឋសភា ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត។

យោងតាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រជាង៤លាន៨៨ម៉ឺនសំឡេង ក្នុងចំណោមគណបក្សចំនួន២០ចូលរួមប្រកួតដណ្តើមអាសនៈរដ្ឋសភាទាំង១២៥ បន្ទាប់ចំនួនអ្នកចេញទៅបោះឆ្នោតកើនដល់ជាង៨៣ភាគរយ៕