ឥណ្ឌូនេស៊ីថា ការបោះឆ្នោតនៅកម្ពុជាពិតជាមាន សន្តិសុខ និងសុវត្ថិភាពល្អ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ រូបថត លោក ចន ណារិទ្ធ៖

ឯកអគ្គរដ្ឋទូត សារធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា បង្ហាញឲ្យឃើញពីសកម្មភាព នៃការរៀបចំ ប្រព្រឹត្តិទៅប្រកបដោយ សន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ក្នុងជំនួប ពិភាក្សាការងារនិងសម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំសាលារាជធានីកាលពីព្រឹកថ្ងៃទី១៣ សីហា ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេន ឯកអគ្គរដ្ឋទូតសារធារណៈរដ្ឋ ឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានសម្តែងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ពិតជាបង្ហាញឲ្យឃើញយ៉ាងច្បាច់ ពីសកម្មភាពប្រព្រឹត្តិទៅប្រកបដោយសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អជូនម្ចាស់ឆ្នោត។

ឯឧ. បញ្ជាក់ពីស្ថានភាពបោះឆ្នោតនេះ ពិតជាប្រព្រឹត្តទៅប្រកបដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ ស្របពេលដែល ឯកឧត្តមបានមកបំពេញបេសកម្មការទូតនៅកម្ពុជា។ឯកឧត្តមបញ្ជាក់ទៀតថាឥណ្ឌូនេស៊ីនឹងបន្តទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការរទូតពិសេសបន្តជំរុញឲ្យមានការមកបណ្តាក់ទុនវិនិយោគនិងធ្វើទេសចរណ៍ឲ្យកាន់តែច្រើនថែមទៀត រវាង ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី។

ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសារទរចំពោះការគាំទ្រនិង កោតសរសើរ ចំពោះឯកអគ្គរដ្ឋទូតសារធារណៈរដ្ឋ ឥណ្ឌូនេស៊ីប្រចាំកម្ពុជានេះ។ ដោយឯឧ. អភិបាល ក៏បានជំរាបជូនឯកអគ្គរដ្ឋទូត ពីការរីកចំរើន របស់រាជធានីភ្នំពេញ ជាមួយនិងការកើនឡើង នៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស តាមរយៈការមកបណ្តាក់ទុនវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីនេះ ក៏មានកំណើនប្រជាជន មករស់នៅក្នុងរាជធានីភ្នំពេញ បានកើនឡើង បច្ចុប្បន្ន មានប្រមាណជិត៣លាននាក់ កំពុងរស់នៅ និងប្រកបមុខរបររកស៊ី។ ឯឧ. អភិបាលបញ្ជាក់ថា ទាក់ទង និងការរីកចំរើននេះ ក៏នៅពីមានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលបាននិងកំពុងជួបប្រទះ ដូចជា បញ្ហាកកស្ទះចរាចរណ៍ បញ្ហាសំរាម និងបញ្ហាបរិស្ថាន ដែលតម្រូវឲ្យ មានការដោះស្រាយ។ ឯឧ. អភិបាល ក៏បានលើកឡើងពីភាពជោគជ័យ ពីការបោះឆ្នោតកន្លងទៅនេះ ជំរាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត ដោយមិនបានបង្ករភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ចំពោះការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផ្សេងៗនោះឡើយ ដែលវាខុសពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នំា២០១៣។ ដែលទាំងនេះគឺបានកើតចេញពីការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី បានខិតខំ ដើម្បី បំរើប្រជាជន និងប្រទេសជាតិយ៉ាងពិតប្រាកដ ។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ឥណ្ឌូនេស៊ីនិងកម្ពុជា នឹងសហការគ្នា រៀបចំពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍នៅមជ្ឈមណ្ឌល់ពិព័រណ៍និងសន្និបាទកោះពេជ្រ ដោយមានជាង១០០ក្រុមហ៊ុន មកដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន៕