អាជ្ញាធររាជធានីភ្នំពេញ ប្រកាសស្ថាបនាផ្លូវ បេតុង ២ខ្សែ និងដាក់លូប្រវែង ២.៥៣០ម៉ែត្រជូនពលរដ្ឋក្នុងភូមិព្រែកតាគង់១ ក្នុងខណ្ឌមានជ័យ

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨–ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសកសាងផ្លូវបេតុង២ខ្សែ ប្រវែង ២.៥៣០ម៉ែត្រដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវ និងដាក់ប្រព័ន្ធលូ សងខាងផ្លូវ ជូនប្រជាពលរដ្ឋរស់ នៅក្នុងភូមិព្រែកតាគង់១ ស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងជើងឯក សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ បានងាយស្រួល ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រជិត៤០០គ្រួសារ នៃសហគមន៍ព្រែកតាគង់១ ក្នុងសង្កាត់ចាក់អង្រែលើ នាព្រឹកថ្ងៃសុក្រ ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ ១០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង បាន បញ្ជាក់ថា ដោយមើលឃើញពីភាពទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះ​ រដ្ឋបាលរាជ ធានីភ្នំពេញ នឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋតាមការសន្យារបស់សាលា ក្រុងកាលពីពេលមុនបោះឆ្នោត។ ឯកឧត្ដមបានបន្ដថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ខាង លើនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើប្រទានកម្មដីជិត៤០០គ្រួសារ ដើម្បីឱ្យពួកគាត់មានកន្លែង សាងសង់លំនៅឋានសមរម្យ និងមានសិទ្ធិកាន់កាប់ស្របច្បាប់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង ថា តាមគម្រោងនឹងស្ថាបនាក្នុងពេលឆាប់ខាងមុខនេះ នឹងស្ថាបនាឱ្យបានរួចរាល់ នៅឆមាសទី២ នៃឆ្នាំ២០១៨នេះ។ លោកបន្តថា​ ផ្លូវបេតុងប្រវែង២.៥៣០ម៉ែត្រនេះ ពីមុនមិន មានប្រព័ន្ធលូទេ ប៉ុន្តែការស្ថាបនាផ្លូវបេតុងថ្មីនេះ គឺមានដាក់ប្រព័ន្ធលូសងខាង និងដាក់ បង្គោលភ្លើងបំភ្លឺតាមផ្លូវផងដែរ។

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានលើកឡើងថា ប្រជា ពលរដ្ឋរស់នៅ ក្នុងភូមិព្រែកតាគង់១ មានចំនួន៣៨៦គ្រួសារ ដែលពួកគាត់ភាគ​ច្រើនប្រកប មុខរបដាំបន្លែលក់ ចិញ្ចឹមជីវិត៕


ដោយ សួស សំរិត