គ្រួពេទ្យជំនាញពន្យាល់ថា កុមារកើតមកមានបញ្ហាមាត់ឆែបបណ្តាលមកពីកង្វះជាតិអាស៊ីតកូលិក មិនមែនកម្មពីជាតិមុនទេ

វិទ្យុជាតិកម្ពុជា ដោយ ចេម ហួត

ភ្នំពេញ៖ គ្រួពេទ្យជំនាញពន្យាល់ថា កុមារកើតមកមានបញ្ហាមាត់ឆែបបណ្តាលមកពីតំណពូជ ពីម្តាយប្រើប្រាស់ថ្នាំជក់ និងកង្វះជាតិអាស៊ីតកូលិក មិនមែនកម្មពីជាតិមុនទេ ។

លោកសាស្ត្រាចារ្យមហាបរិញ្ញា ម៉ុក ធាវី នាយករងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតបានជំរុញឲ្យស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីទទួលបាននូវការពិគ្រោះយោបល់ពីគ្រូពេទ្យសម្រាប់ថែរក្សាគ៌តឲ្យបានល្អនិងផ្តល់ថ្នាំពេទ្យព្រមទាំងអាហារូបត្ថម្ភដើម្បីកុំឲ្យទារកកើតមកមានមាត់ឆែបឬក្រអូបមាត់ឆែបព្រោះថានៅកម្ពុជាក្នុងចំណោមអ្នកកើតរស់៥០០នាក់មានម្នាក់មានមាត់ឆែប។

ប្រាប់អ្នកសាព័ត៌មានកាលពីរសៀលថ្ងៃទី៩ខែសីហានេះ លោកសាស្ត្រាចារ្យមហាបរិញ្ញា ម៉ុក ធាវីបានមានប្រសាសន៍ថាកុមារមានមាត់ឆែបឬក្រអូបមាត់ឆែបកំពុងប្រឈមមុខនឹងសង្គមយ៉ាងខ្លាំងដូចជាត្រូវក្រុមគ្រួសារ​បោះបង់ចោល ពិបាកក្នុងការបរិភោគចំណីអាហារ  ខ្វះអាហារូបត្ថម្ភ មិនបានចូលរៀននិងមានការរើសអើងជាដើម។

លោកសាស្ត្រាចារ្យបន្តថាការជួយវះកាត់កុមារឆែបមាត់គឺមិនត្រឹមតែធ្វើឲ្យសម្ផស្សបានស្អាតឡើងវិញប៉ុណ្ណោះទេថែមទាំងជួយឲ្យកុមារអាចញាំអាហារឬបៅដោះមិនឈ្លក់  និយាយនិងស្តាប់បានឮច្បាស់ល្អ និងចូលរួមនៅក្នុងសង្គមបានពេញលេញផងដែរ។

លោកគ្រួពេទ្យថា ការវះកាត់និងការព្យាបាលកុមារមាត់ឆែបនិងក្រអូបមាត់ឆែបនេះគឺមិនគិតថ្លៃទេព្រមទាំង មានផ្តល់កន្លែងស្នាក់នៅនិងអាហារចំនួនពីរពេលនិងឧបត្ថម្ភសោហ៊ុយដល់គ្រួសារអ្នកជំងឺពេ លវិលត្រឡប់ទៅស្រុកកំណើតវិញទៀតផងដោយសារអង្គការបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសសឹង្ហបុរីនិងមានការជួយឧបត្ថម្ភគាំទ្រជាថវិកានិងសម្ភារៈផ្សេងៗពីសប្បុរសជននៅក្នុងស្រុក។

គួរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០១៨ ក្រសួងសុខាភិបាល និងអង្គការស្នាមញញឹមកម្ពុជាបានជួយវះកាត់កែសម្ផស្សដល់កុមារមាត់ឆែបនិងក្រអូបមាត់ឆែបបានចំនួន៤៥៨៣នាក់៕