រុស្ស៊ីថ្កោលទោសចំពោះទណ្ឌកម្មថ្មីរបស់អាមេរិកថាខុសច្បាប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១០.០៨.១៨)

រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ីបានថ្កោលទោសចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកដោយនិយាយថាជាអំពើខុសច្បាប់ហើយ​ថារុស្សីនឹងចាប់ផ្តើមមានវិធានការសងសឹកវិញបន្ទាប់ពីព័ត៌មានស្តីពីការតំឡើងពន្ធបានជំរុញឱ្យរូបីយប័ណ្ណរបស់រុស្សីធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេលពីរឆ្នាំមកនេះ​ ដោយសារមានការភ័យខ្លាចថា ក្រុងម៉ូស្គូនឹងត្រូវធ្លាក់ចូលក្នុងទណ្ឌកម្មនេះមិនចេះចប់។

ក្រុងម៉ូស្គូបានព្យាយាមបង្កើនចំណងទាក់ទងរវាងអាមេរិកនិងរុស្ស៊ីចាប់តាំងពីលោកដូណល់ត្រំា ​បានឈ្នះឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ ២០១៦ហើយក្រុមវរជននយោបាយរបស់រុស្ស៊ីក៏បានប្រញាប់ប្រញាល់រៀបចំសន្និសីទកំពូលមួយកាលពីខែមុនរវាងលោកត្រាំ​និងលោកវ្លាឌីមៀ ពូទីន ​ដែលអ្នកនយោបាយទំាងនោះ អះអាងថាថាជាជ័យជម្នះមួយ។

វិមានក្រឹមឡាំងបាននិយាយថាទណ្ឌកម្មរបស់អាមេរិកគឺខុសច្បាប់និងគ្មានមនោសញ្ចេតនាមិត្តភាពហើយការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកគឺផ្ទុយនឹង បរិយាកាសវិជ្ចមាន នៃការជួបគ្នារវាងលោកត្រាំ និងលោកពូទីននៅទីក្រុងហែលស៊ីនគី​ប្រទេសហ្វំាងឡង់កន្លងមក ។