អាជ្ញាធរភ្នំពេញ គ្រោងបន្ថែមរថយន្តក្រុងដឹកជញ្ជូនសាធារណៈ រហូតដល់២៣៧គ្រឿង នៅបំណាច់ឆ្នាំ២០១៨នេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការ សេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈ ចំនួន១៧៧គ្រឿង ហើយបើគ្មានការប្រែប្រួលទេ នៅបំណាច់ឆ្នាំ២០១៨ខាងមុខនេះ នឹងដាក់ឱ្យដំណើរការរថយន្តក្រុង រហូតដល់ទៅ២៣៧គ្រឿង សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្សរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការបង្កើនចំនួនរថយន្ត ចំនួនខ្សែរត់ និងចំនួនចំណតនេះ គឺដោយសារប្រជាពលរដ្ឋ បានយល់ដឹងពីអត្ថប្រយោជន៍ នៃការប្រើប្រាស់សេវារថយន្តក្រុង កាន់តែច្រើនឡើងៗ ។

លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា ដើម្បីឆ្លើយតបនិងការគាំទ្រ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងសាធារណៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតចំណតរថយន្តក្រុង ឬ ទីកន្លែងរងចាំរថយន្តក្រុងនេះ ជា២ប្រភេទ ដែលទី១ បានរៀបចំធ្វើដំបូល និងមានកៅអីសម្រាប់អង្គុយរង់ចាំ នៅទីតាំងដែលមានស្ថានភាពធំទូលាយ និងទី២ ចំណតដែលជាប្រភេទបជ្ឈ ដែលអ្នកជិះត្រូវឈររង់ចាំ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលនិយមធ្វើដំណើរ តាមរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងនូងការសាទរ ក៏ដូចជាគាំទ្រ ចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើតឱ្យមានសេវាដឹកជញ្ជូនអ្នកដំណើរ តាមរយរថយន្តក្រុង ក្នុងតម្លៃថោក ជាពិសេសបាន អនុគ្រោះ មិនយកប្រាក់ចំពោះ ព្រះសង្ឃ ជនចាស់ជរា សិស្ស និស្សិត ជនពិការ និង កម្មករ កម្មការិនីផងដែរ ៕