ស្ថាប័ននីតិបញ្ញត្តរបស់វៀតណាម និងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ — អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាននិយាយថា រដ្ឋសភាវៀតណាម គាំទ្រ និងយកចិត្តទុកដាក់ដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។
ក្នុងកិច្ចស្វាគមន៍ទទួលគណៈប្រតិភូនៃគណៈកម្មាធិការប្រតិបតិ្តនៃរដ្ឋសភាកូរ៉េខាងត្បូង ដែលដឹក នាំដោយអនុប្រធានសភាជាតិកូរ៉េខាងត្បូង លោក Yun Jae-ok នៅទីក្រុងហាណូយកាលពីថ្ងៃទី ៨ ខែសីហា លោកស្រី Phong បានសង្កត់ធ្ងន់ថា ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម និង កូរ៉េខាងត្បូង ត្រូវបានឃើញថា មានការអភិវឌ្ឍដ៏រឹងមាំ និងទូលំទូលាយ ជាមួយសមិទ្ធផលជាក់ស្តែងក្នុង រយៈពេលថ្មីៗនេះ។

លោកស្រីបានស្នើឱ្យស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរធ្វើការងារឱ្យបានកាន់តែយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក៏ដូចជាការចែករំលែកបទពិសោធន៍ក្នុងការបង្កើតច្បាប់ និងការត្រួតពិនិត្យរបស់រដ្ឋសភា និងភ្នាក់ងាររបស់ខ្លួន។

បណ្តាសមាជិកសភាជាតិវៀតណាម និងកូរ៉េខាងត្បូង គួរតែជំរុញរដ្ឋាភិបាលទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខារួចហើយ និងសម្របសម្រួល ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដែលជាការរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ ។

លោកស្រី Phong បាននិយាយបន្តថា ទីភ្នាក់ងារនីតិបញ្ញត្តិនៃប្រទេសទាំងពីរ គួរតែរក្សាកិច្ចប្រជុំជាន់ខ្ពស់ជាទៀងទាត់ និងសម្រួលដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានារវាងប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងការជឿទុកចិត្តផ្នែកនយោបាយ ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើពហុវិស័យផងដែរ។

ចំពោះប្រទេសកូរ៉េខាងត្បូង លោក Yun បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់សភាជាតិកូរ៉េខាងត្បូង ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងត្បូង និងវៀតណាម៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )