អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រឈមមុខនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ — អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូវបានគេចោទប្រកាន់ ៣ករណីថ្មីពីបទលាងលុយកខ្វក់ ដែលពាក់ព័ន្ធនឹងរឿងអាស្រូវលុយរាប់ពាន់លានដុល្លារអាម៉េរិករបស់មូលនិធិវិនិយោគរបស់រដ្ឋ 1 Malaysia Development Berhad (1MDB) ។

កាលពីមុន លោក Najib ដែលមានវ័យ ៦៥ឆ្នាំ ត្រូវបានចោទប្រកាន់ ៣ករណីពីបទព្រហ្មទណ្ឌរំលោភលើសេចក្តីទុកចិត្ត និង ១ករណីពីបទរំលោភបំពានអំណាចពាក់ព័ន្ធនឹងការផ្ទេរប្រាក់ចំនួន ៤២លានរីងហ្គីត ឬស្មើនឹង ១០លានដុល្លារអាមេរិកពី SRC International ដែលជាសាខារបស់ 1MDB ទៅគណនីធនាគារផ្ទាល់ខ្លួនរបស់លោក នៅចន្លោះពីខែសីហា ឆ្នាំ ២០១១ និងខែមីនា ឆ្នាំ ២០១៥ នៅពេលដែលលោកកំពុងបម្រើការជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជានាយករដ្ឋមន្ត្រី។ ករណីចោទប្រកាន់នីមួយៗត្រូវពិន័យជាប្រាក់ និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។ ប៉ុន្តែ លោកបានតវ៉ាមិនទទួលទោសចំពោះការចោទប្រកាន់ប្រឆាំងនឹងរូបលោកទាំង ៧កណីខាងលើនេះទេ។

អតីតនាយករដ្ឋមន្ត្រីរូបនេះបានបង្ហាញខ្លួននៅឯសវនាការលើកទី២ នៅទីក្រុងកូឡាឡាំពួ កាលពី ថ្ងៃទី៨ ខែសីហា។ លោកត្រូវបានកោះហៅដោយគណៈកម្មការប្រឆាំងអំពើពុករលួយរបស់ម៉ាឡេស៊ី ( MACC ) សម្រាប់ការសាកសួរដែលមានរយៈពេល ៤៥នាទី មួយថ្ងៃមុន។

បន្ទាប់ពីការចោទប្រកាន់ថ្មីត្រូវបានអាន ចៅក្រមបានប្រកាសផ្ទេរករណីរបស់លោកទៅឱ្យតុលាការជាន់ខ្ពស់ ហើយបានបន្តអនុញ្ញាតឱ្យលោកចេញក្រៅឃុំសម្រាប់ការចោទប្រកាន់បន្ថែម។

លោក Najib បានបង្កើតមូលនិធិវិនិយោគ 1MDB នៅក្នុងឆ្នាំ ២០០៩ ដែលត្រូវបានគេរំពឹងថា នឹងបម្រើឱ្យការអភិវឌ្ឍរបស់ម៉ាឡេស៊ី តាមរយៈភាពជាដៃគូទូទាំងពិភពលោក និងការវិនិយោគផ្ទាល់ពី បរទេស។

ទោះជាយ៉ាងណា វាបានក្លាយជាចំណុចកណ្តាលនៃរឿងអាស្រូវនៃការលាងលុយកខ្វក់ ដែលត្រូវបានគេចោទប្រកាន់ថា បានបណ្តាលឱ្យមានការខាតបង់រហូតដល់ ៣,៧ប៊ីលានដុល្លារអាម៉េរិក ហើយនាំឱ្យមានការស៊ើបអង្កេតទៅលើទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ,ស្វ៊ីស , សិង្ហបុរី, ម៉ាឡេស៊ី និង ចិន។

ទ្រព្យសម្បត្តិជាច្រើនរបស់គ្រួសារលោកនៅក្នុងទីក្រុងកូឡាឡាំពួ ត្រូវបានប៉ូលិសធ្វើការរឹបអូស ដែលមានតម្លៃរហូតដល់ ២៧៣លានដុល្លារអាម៉េរិក៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )