ចិនសម្រេចដាក់ពន្ធបន្ថែមមានតម្លៃ ១៦ពាន់លានដុល្លារលើការនាំចូលពីអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ — តាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលផ្សាយកាលពីថ្ងៃពុធ ឱ្យដឹងថា ប្រទេសចិនបានសម្រេចដាក់ពន្ធបន្ថែមលើផលិតផលនាំចូលពី ស.រ.អា ដែលមានតម្លៃប្រហែល ១៦ពាន់លានដុល្លារ ។
ដោយមានការយល់ ព្រមពីក្រុមប្រឹក្សារដ្ឋនោះគណៈកម្មការពន្ធគយរបស់ ក្រុមប្រឹក្សារដ្ឋបានសម្រេចដាក់ពន្ធបន្ថែម២៥ ភាគរយ លើផលិតផលអាមេរិក ដែលមានតម្លៃ ១៦ពាន់លានដុល្លារ បន្ទាប់ពីធ្វើការវិនិច្ឆ័យយ៉ាងត្រឹមត្រូវនៅផ្នែកទី២ នៃបញ្ជីឈ្មោះផលិតដែលត្រូវដាក់ពន្ធនោះ ។

ពន្ធបន្ថែមនេះនឹងចូលជាធរមាននៅម៉ោង ១២: ០១ នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៨ ។ ដោយធ្វើអត្ថាធិប្បាយ ស្តីពីការសម្រេចចិត្តនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយថា វាមិនសមហេតុសមផលទាំងស្រុងសម្រាប់ ស.រ.អា ដែលដាក់ច្បាប់ក្នុងស្រុកនៅពីលើច្បាប់អន្តរជាតិមួយលើកហើយមួយលើកទៀតនោះ ។

អ្នកនាំពាក្យនោះបាននិយាយថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនោះ ប្រទេសចិនត្រូវបានគេបង្ខំឱ្យចាត់វិធានការតបតវិញដែលចាំបាច់ ។

គណៈកម្មការពន្ធគយបាននិយាយថា បញ្ជីឈ្មោះនេះ ត្រូវបានគេធ្វើការថ្លឹងថ្លែងមើលយ៉ាងសមស្របបន្ទាប់ពីយកមកធ្វើការពិចារណានូវការណែនាំរបស់ក្រសួងរដ្ឋាភិបាល ដែលមានជាប់ទាក់ទិន , សមាគមឧស្សាហកម្ម ព្រមទាំងសហគ្រាសនានា ឱ្យការពារឱ្យបានល្អបំផុតផលប្រយោផជន៍ ពួកអ្នកប្រើប្រាស់ និងក្រុមហ៊ុនក្នុងស្រុក ។

ព្រមជាមួយសេចក្តីថ្លែងការណ៍នេះ គណៈកម្មការនេះបានផ្សព្វផ្សាយកំណែថ្មីជាចុងក្រោយមួយនូវផ្នែកទី២ នៃបញ្ជីឈ្មោះនេះ នៅលើវេបសាយរបស់ក្រសួងហិរញ្ញវត្ថុ ។

កាលពីក្នុងខែមិថុនា អាជ្ញាធរគយបានប្រកាសជាសាធារណបញ្ជីឈ្មោះមួយនៃផលិតផល មកពី ស.រ.អា ដែលមានតម្លៃ ៥០ពាន់លានដុល្លារ ដែលនឹងត្រូវដាក់ពន្ធបន្ថែមក្នុងការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់អាមេរិក ដើម្បីដាក់ពន្ធបន្ថែមលើការនាំចូលពីប្រទេសចិននោះ ។

ពន្ធបន្ថែមលើផលិតផល ស.រ.អា នៅក្នុងផ្នែកទីមួយនៃបញ្ជីឈ្មោះនេះ ដែលមានតម្លៃ ៣៤ពាន់លានដុល្លារនោះបានចូលជាធរមានកាលពីថ្ងៃទី៦ ខែកក្កដា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )