កូរ៉េខាងជើងជំរុញដល់អាមេរិកឱ្យព្រមព្រៀងគ្នា ដើម្បីប្រកាសបញ្ចប់សង្រ្គាមកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ — ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ម្តងហើយម្តងទៀតនូវទាមទាររបស់ខ្លួន នាថ្ងៃព្រហស្បតិ៍នេះ ចំពោះអាមេរិកឱ្យព្រមព្រៀងគ្នាក្នុងការប្រកាសបញ្ចប់មួយនូវសង្រ្គាមកូរ៉េឆ្នាំ១៩៥០-៥៣ ដោយនិយាយថា វានឹងអាចជួយនាំមកនូវសន្តិភាព និងការបង្កើតនូវទំនុកចិត្តគ្នាទៅវិញទៅមក។
សារព័ត៌មានផ្លូវការ Rodong Sinmun របស់គណៈបក្សពលករកូរ៉េ បាននិយាយនៅក្នុងបទអត្ថាធិ-ប្បាយមួយថា ការប្រកាសបញ្ចប់សង្រ្គាមកូរ៉េមួយ គឺជាតម្រូវការពេលរបស់យើង ហើយនឹងត្រូវដាក់ឱ្យដំណើរការជាលើកដំបូងឆ្ពោះទៅដល់ការធានាបាននូវសន្តិភាព និង សន្តិសុខ។

សារព័ត៌មាននេះបានបន្ថែមទៀតថា វាគឺជារឿងមិនធម្មតា ក្នុងការមើលឃើញពីភាពមិនទុកចិត្តគ្នា និងការបន្តស្អប់ខ្ពើមគ្នា រវាងកូរ៉េខាងជើងនិងអាមេរិករហូតមកដល់ពេលនេះ ដោយនិយាយថា វាគឺពេលវេលាមួយ ដើម្បីចាត់វិធានការឆ្ពោះទៅរកការប្រកាសពីការបញ្ចប់សង្រ្គាមមួយ។

នាពេលកិច្ចប្រជុំកំពូលមួយកាលពីខែមេសាកន្លងទៅ ប្រធានាធិបតីលោក មូន ចា-អ៊ិន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន បានព្រមព្រៀងគ្នាក្នុងការស្វែងរកសេចក្តីប្រកាសជាក់ស្តែងមួយនៅក្នុងឆ្នាំនេះ តាមរយៈកិច្ចប្រជុំ « ផ្លូវបី» ដោយជាប់ទាក់ទងនឹងកូរ៉េទាំងពីរ និងអាមេរិក ឬកិច្ចចរចា «ផ្លូវបួន» ដោយទាក់ទងនឹងប្រទេសកូរ៉េទាំងពីរ អាមេរិក និងចិន។
ជាក់ស្តែងកូរ៉េខាងជើងចង់បានវាដើម្បីពង្រឹងសន្តិសុខនៃរបបរបស់ខ្លួន។ អាមេរិកនៅតែប្រុងប្រយ័ត្ន ខណៈដែលខ្លួនចង់ឃើញនូវដំណើរការក្នុងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាដំបូងសិន៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )