កូរ៉េខាងត្បូង គ្មានការពិគ្រោះយោបល់គ្នាណាមួយដំណើរការទៅទេ សម្រាប់កិច្ចប្រជុំអន្តរកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨​ — ក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូលបាននិយាយពីថ្ងៃពុធថា គ្មានការពិគ្រោះយោបល់ណាមួយ បានដំណើរការទៅទេ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េមួយទៀតនោះ ។
លោក Baik Tae- hyun អ្នកនាំពាក្យក្រសួងបង្រួបបង្រួមទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានប្រាប់ សន្និសីទសាព័ត៌មានជាទៀងទាត់មួយថា កូរ៉េខាងត្បូងមិនទាន់បានធ្វើការពិគ្រោះយោបល់ជាមួយកូរ៉េខាងជើង នៅឡើយទេ ស្តីពីកិច្ចប្រជុំកំពុលអន្តរកូរ៉េ ។

អត្ថាធិប្បាយនេះធ្វើឡើងនៅពេលមានការស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយកាន់ច្រើនឡើង ដែលថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ី ( Moon Jae-in ) នឹងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម- ជុង អ៊ុន ( Kim jong un ) អាចជួបប្រជុំគ្នាម្តងទៀតឱ្យបានឆាប់នៅចុងខែសីហា នេះ ដើម្បីស្វែងរកច្រកចេញ នៅក្នុងដំណើរការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។

លោក មូន និង លោក គីម បានធ្វើកិច្ចប្រជុំកំពូលនៅក្នុងខែមេសា និងខែឧសភា ដោយព្រមព្រៀង ធ្វើកិច្ចប្រជុំម្តងទៀត ក្នុងក្រុងព្យុងយ៉ាង ក្នុងរដូវស្លឹកឈើជ្រុះនេះ ។

មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាបញ្ចប់ ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ក្នុងអំឡុងកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានជាលើកដំបូងរបស់ពួកគេនៅ សិង្ហបុរី កាលពីក្នុងខែមិថុនា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)