រដ្ឋមន្រ្តីក្រសួងកសិកម្មអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ –តាមប្រភពព័ត៌មានរបស់ក្រសួងកសិកម្មបានឱ្យដឹងថា នារសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨កន្លងមក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។ 

ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីបាន សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបានយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង ពង្រីកឱ្យបានកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត ពិសេសលើការផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងវិស័យជលផល និងវិស័យព្រៃឈើដោយផ្តោតជាសំខាន់វារីវប្បកម្មសមុទ្រ និងទឹកសាប និងសហគមន៍ព្រៃឈើ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលដល់សមាជិកសហគមន៍ទាំងនោះឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរពីការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ពិសេសលើវិស័យកសិកម្ម ហើយឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹងនាំក្រសួង គ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជា មួយរដ្ឋាភិបាលឥណ្ឌូណេស៊ីយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្តទៀតថា ក្នុងឱកាសបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នឹងខិតខំឱ្យអស់លទ្ធភាពដើម្បីជួយជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើរមួយកម្រិតទៀត ទាក់ទងនឹងសំណើដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង ឯកឧត្តមឯកអគ្គរដ្ឋទូតសន្យាថា នឹងនាំយកសំណើនេះទៅពិភាក្សាជាមួយក្រសួង ឬស្ថាប័នពាក់ព័ន្ធ ហើយបន្ទាប់មកធ្វើការផ្លាស់ប្តូរមន្រ្តីជំនាញ ឬបង្កើតក្រុមការងារបច្ចេកទេសដើម្បីស្វែងរកដំណោះស្រាយ៕

ដោយ សេង សុវណ្ណនី